ព្រះត្រៃបិដក ភាគ ៦២
[៣៨៩] អ្នកទាំងឡាយ ចូរប្រាប់មហេសីអញ គឺនាងវិជយា ១ នាងឯរាវតី ១ នាងកេសិនី ១ នាងសុនន្ទា ១ ដែលជាស្ត្រីបរិបូណ៌ដោយលក្ខណៈដ៏ប្រសើរថា នាងទំាងឡាយ ចូរមកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៩០] អ្នកទាំងឡាយ ចូរប្រាប់គហបតីទាំងឡាយ គឺគហបតីឈោ្មះបុណ្ណមុខៈ ១ ភទ្ទិយៈ ១ សិង្គាលៈ ១ វឌ្ឍៈ ១ ថា ចូរអ្នកទាំងឡាយ មកជួបជុំគ្នា ដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញ។
[៣៩១] (អភិសម្ពុទ្ធគាថា) ពួកគហបតីទាំងនោះ មកជួបជុំគ្នា ដេរដាសដោយកូន និងប្រពន្ធក្នុងទីនោះ ក្រាបបង្គំទូលថា បពិត្រព្រះទេវៈ សូមព្រះអង្គធ្វើយើងខ្ញុំទាំងអស់ ឲ្យមានជុកលើក្បាលវិញ ពុំនោះសោត សូមព្រះអង្គប្រកាសនូវយើងខ្ញុំថាជាទាសៈ។
[៣៩២] (ព្រះរាជា...) អ្នកទាំងឡាយ ចូរនាំមកនូវដំរីរបស់អញឈោ្មះអភយង្ករៈ ១ នាឡាគិរី ១ អច្ចុគ្គតៈ ១ (ឈោ្មះវរុណទន្តៈ) ១ ដំរីទាំងឡាយនោះ នឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញយ៉ាងឆាប់។ អ្នកទាំងឡាយ ចូរនាំមកនូវសេះកែវរបស់អញ គឺសេះឈ្មោះកេសី ១ សុរាមុខៈ ១ បុណ្ណកៈ ១ វិនតកៈ ១ សេះទាំងឡាយនោះ នឹងជាសត្វដើម្បីប្រយោជន៍ដល់ការបូជាយ័ញ្ញយ៉ាងឆាប់។
ID: 636873444139754490
ទៅកាន់ទំព័រ៖