ព្រះត្រៃបិដក ភាគ ៦២
បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ចំណែកខាងទូលបង្គំជាខ្ញុំទំាងឡាយ សូមជាអ្នកជាប់ចំណងហើយ នឹងចោលអាចម៍សេះ។ បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់ទូលបង្គំជាខ្ញុំទាំងឡាយឡើយ សូមព្រះអង្គព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍ចុះ ព្រះអង្គមានប្រាថ្នា (ដើម្បីព្រះរាជទាន) ដល់ខណ្ឌហាលព្រាហ្មណ៍ណា សូមទ្រង់ព្រះរាជទានទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះចុះ ពុំនោះសោត នឹងសូមព្រះអង្គបំបរបង់ទូលបង្គំជាខ្ញុំទាំងឡាយ ចេញចាកដែន ក៏ទូលបង្គំជាខ្ញុំទាំងឡាយ នឹងត្រាច់ទៅកាន់ភិក្ខាចារ។
[៤០៣] (ព្រះបាទឯករាជ...) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើងខ្លាំងណាស់ អ្នកទាំងឡាយ យំស្រែក ព្រោះតែចង់បានជីវិត ឥឡូវនេះ ចូរអ្នកទាំងឡាយ លែងកុមារទាំងឡាយទៅ ការបូជាយ័ញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ។
[៤០៤] (ខណ្ឌហាលព្រាហ្មណ៍) ទូលព្រះបង្គំជាខ្ញុំក្រាបទូលព្រះអង្គតាំងពីដើមមកថា ការបូជាយ័ញ្ញនុ៎ះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងធ្វើឲ្យកើតឡើងបានផង កាលបើគ្រឿងយ័ញ្ញដែលទូលព្រះបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីព្រះអង្គធ្វើឲ្យខានទៅវិញ។
ID: 636873445302190978
ទៅកាន់ទំព័រ៖