ព្រះត្រៃបិដក ភាគ ៦២
បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់នូវទូលបង្គំជាខ្ញុំទាំងឡាយឡើយ ព្រះអង្គសព្វព្រះរាជហ្ឫទ័យចំពោះខណ្ឌហាលព្រាហ្មណ៍ណា សូមព្រះរាជទាននូវទូលបង្គំជាខ្ញុំទាំងឡាយ ឲ្យជាទាសៈនៃខណ្ឌហាលព្រាហ្មណ៍នោះវិញចុះ ពុំនោះសោត ទូលបង្គំជាខ្ញុំទាំងឡាយ បើព្រះអង្គបំបរបង់ចេញចាកដែន នឹងត្រាច់ទៅកាន់ភិក្ខាចារ។
[៤០៦] (ព្រះបាទឯករាជ...) អ្នកទាំងឡាយ បង្កើតទុក្ខដល់យើងខ្លាំងណាស់ អ្នកទាំងឡាយយំស្រែក ព្រោះតែចង់បានជីវិត ឥឡូវនេះ ចូរអ្នកទាំងឡាយលែងកុមារទាំងឡាយទៅ ការបូជាយ័ញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ។
[៤០៧] (ខណ្ឌហាលព្រាហ្មណ៍) ទូលបង្គំជាខ្ញុំ បានក្រាបទូលតាំងពីដើមមកថា ការបូជាយ័ញ្ញនុ៎ះ ជាអំពើធ្វើបានដោយកម្រផង មិនងាយនឹងឲ្យកើតឡើងបានផង កាលបើគ្រឿងយ័ញ្ញដែលទូលបង្គំជាខ្ញុំប្រុងប្រៀបស្រេចហើយ ហេតុអ្វីក៏ព្រះអង្គធ្វើឲ្យអាក់ខានទៅវិញ។ ជនទាំងឡាយណា បូជាយ័ញ្ញខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញ ដែលអ្នកផងកំពុងបូជាប្រាកដដូច្នេះក្តី ជនទំាងអស់ (នោះ) រមែងទៅកាន់សុគតិ។
ID: 636873446126188108
ទៅកាន់ទំព័រ៖