ព្រះត្រៃបិដក ភាគ ៦២
[៤០៨] (ចន្ទកុមារ...) បើប្រាកដជាបុគ្គលទាំងឡាយបូជាយ័ញ្ញដោយបុត្រទាំងឡាយហើយ ច្យុតចាកមនុស្សលោកនេះ រមែងទៅកាន់ទេវលោក បពិត្រមហារាជ ចូរព្រាហ្មណ៍បូជាមុនចុះ សឹមព្រះអង្គបូជាជាខាងក្រោយ។ ឮថា បើប្រាកដជាបុគ្គលទាំងឡាយ បូជាយ័ញ្ញដោយបុត្រទាំងឡាយហើយ ច្យុតអំពីមនុស្សលោកនេះ រមែងទៅកាន់ទេវលោក ចូរខណ្ឌហាលព្រាហ្មណ៍ហ្នឹងឯង បូជាដោយកូនទាំងឡាយរបស់ខ្លួនចុះ។ បើខណ្ឌហាលព្រាហ្មណ៍ដឹងយ៉ាងនេះហើយ ហេតុអ្វីក៏មិនសម្លាប់កូនតូច ៗ ទាំងឡាយផង មិនសម្លាប់ជនជាញាតិទាំងអស់ផង មិនសម្លាប់ខ្លួនឯងផង។ ជនទាំងឡាយណា បូជាយ័ញ្ញដោយខ្លួនក្តី ជនទាំងឡាយណាឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញប្រាកដដូច្នេះក្តី ជនទាំងអស់ (នោះ) រមែងទៅកាន់នរក។
ID: 636873446304158287
ទៅកាន់ទំព័រ៖