ព្រះត្រៃបិដក ភាគ ៦២
អ្នកប្រាជ្ញទាំងឡាយនោះ កាត់ទំលាយនូវតម្បាញជាបណ្តាញដ៏មាំរបស់មច្ចុដែលមានមាយាចេញទៅរួច បុគ្គលណាគប្បីញុំាងយើងឲ្យដល់នូវគតិ (លំអាន) នៃអ្នកប្រាជ្ញទាំងនោះបាន។
[៦០] កាលណាអញនឹងលះនគរមិថិលា ជាក្រុងសម្បូណ៌ ដែលជាងចែកហើយ (ដោយឋាន មានរាជនិវេសន៍ជាដើម) វាស់ហើយដោយចំណែក (នៃទា្វរ និងថ្នល់) ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ទូលាយ មានពន្លឺដោយជុំវិញ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានកំពែង និងក្លោងទ្វារដ៏ច្រើន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ មានប៉ម និងស៊ុមទ្វារដ៏មាំមួន ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នគរមិថិលា ជាក្រុងសម្បូណ៌ ដែលគេចែកល្អ មានផ្លូវធំ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
ID: 636873392741524680
ទៅកាន់ទំព័រ៖