ព្រះត្រៃបិដក ភាគ ៦២
កាលណាអញនឹងលះបង់នូវបល្ល័ង្កកែវមណី មានព្រំជាកម្រាលដ៏វិចិត្រ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវសំពត់អំបោះ និងសំពត់សូត្រ សំពត់ទាំងឡាយដែលកើតអំពីដែនខោមៈ និងកើតអំពីដែនកោទុម្ពរ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាកយំទ្រហឹង ដេរដាសដោយចង្កុលណីទាំងឡាយផង ដោយឈូក និងព្រលិតទាំងឡាយផង ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវហ្វូងដំរីមាតង្គៈ ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ មានខ្សែដង្គន់មាស មានគ្រឿងស្អាងដោយបណ្តាញមាស ដែលហ្មដំរីមានលំពែងស្នែងក្របី និងកង្វេរក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវហ្វូវសេះអាជានេយ្យអំពីជាតិ ជាសេះសិន្ធព ដែលស្អិតស្អាងដោយគ្រឿងអលង្ការគ្រប់មុខ ជាវាហនៈលឿន ដែលអ្នកបង្ហាត់សេះកាន់ស៊ែ និងធ្នូ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអញនឹងលះបង់នូវពួករថ ប្រដាប់ហើយ មានទង់លើកហើយ ទាំងបិទបាំងដោយសែ្បកខ្លាដំបង និងខ្លាធំ ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ដែលពួកនាយសារថីមានធ្នូ និងខែលក្នុងដៃ ឡើងជិះហើយ ហើយបួស ការលះបង់នោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
ID: 636873393575552384
ទៅកាន់ទំព័រ៖