ព្រះត្រៃបិដក ភាគ ៦២
[៨] បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះបើចេញផុតអំពីផ្ទះរបស់ខ្លួនហើយ ជាអ្នកមានភក្ខាហារច្រើន ជនច្រើននាក់តែងចិញ្ចឹមជីវិត (អាស្រ័យ) បុគ្គលនោះ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះ ទៅកាន់ជនបទ និគម រាជធានីណា ៗ គេតែងបូជាក្នុងទីទាំងអស់នោះ។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ ពួកចោរមិនកំហែងបុគ្គលនោះ ក្សត្រ ក៏មិនមើលងាយបុគ្គលនោះ បុគ្គលនោះ រមែងកន្លងនូវសត្រូវទាំងអស់។ បុគ្គលណា មិនទ្រុស្តចំពោះមិត្រទាំងឡាយ បុគ្គលនោះមិនខឹង មកកាន់ផ្ទះរបស់ខ្លួន ជាអ្នកគេទទួលរីករាយក្នុងរោងសម្រាប់ប្រជុំ ជាបុគ្គលឧត្តមរបស់ពួកញាតិ។ បុគ្គលធ្វើសក្ការៈចំពោះ (មិត្រ) រមែងត្រូវមិត្រធ្វើសក្ការៈវិញ ជាអ្នកគោរព (មិត្រ) រមែងបានសេចក្តីគោរពវិញ បុគ្គលមិនប្រទូស្តមិត្រ រមែងពេញដោយគុណ និងកិត្តិសព្ទ។ បុគ្គលអ្នកបូជាមិត្រ រមែងបានការបូជាវិញ ជាអ្នកសំពះមិត្រ រមែងបានការសំពះតបវិញ បុគ្គលមិនប្រទូស្តមិត្រ រមែងដល់នូវយសបរិវារ និងកិត្តិសព្ទ។ បុគ្គលណា មិនប្រទូស្តមិត្រទាំងឡាយ បុគ្គលនោះ រមែងរុងរឿងដូចភ្លើង រុងរឿងដូចទេវតា ជាអ្នកមិនលះបង់ចាកសិរីឡើយ។
ID: 636873387297443296
ទៅកាន់ទំព័រ៖