ព្រះត្រៃបិដក ភាគ ៦២

​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​ព្រះរាជ​បុត្ត​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​ដ៏​វិចិត្រ​ ​ជា​អ្នក​ក្លៀវក្លា​ ​ទ្រទ្រង់នូវ​មាស​ ​និង​កែវពិទូរ្យ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​អរិយជន​ ​គឺ​ព្រាហ្មណ៍​ដែល​មាន​សំពត់​ ​មាន​គ្រឿងប្រដាប់​ហើយ​ ​មានខ្លួន​លាប​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ស្លៀកដណ្តប់​ដោយ​សំពត់​ដែល​បាន​មក​អំពី​ដែន​កាសី​ដ៏​ឧត្តម​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​អាមាត្យ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌លឿង​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​របៀប​ដើរ​ខាងមុខ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​ស្រីស្នំ​ ​៧០០​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ពួក​ស្រីស្នំ​ ​៧០០​ ​ជា​អ្នក​សង្រួម​ល្អ​ ​មាន​ចង្កេះ​រៀវ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ស្រីស្នំ​ ​៧០០​ ​ជា​ស្រ្តី​ស្តាប់​បង្គាប់​ ​ពោល​ពាក្យជា​ទី​ស្រលាញ់​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636873394268742032
ទៅកាន់ទំព័រ៖