ព្រះត្រៃបិដក ភាគ ៦២
កាលណាពួកអរិយជន គឺព្រាហ្មណ៍ អ្នកមានសំពត់ មានគ្រឿងប្រដាប់ហើយ មានខ្លួនលាបដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវសំពត់ដ៏ឧត្តមដែលបានមកអំពីដែនកាសី នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកអាមាត្យរបស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង កាន់ខែលមានពណ៌លឿង ជាអ្នកក្លៀវក្លា មានរបៀបដើរខាងមុខ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ដែលស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តីសង្រួមល្អ មានចង្កេះរាវ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាពួកស្រ្តីស្នំ ៧០០ របស់អញ ជាស្រ្តីស្តាប់បង្គាប់ ពោលពាក្យជាទីស្រលាញ់ នឹងមិនទៅតាមអញកាលទៅ ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។ កាលណាអាត្មាអញ នឹងបានទៅជាអ្នកកោរក្បាល ឃ្លុំសង្ឃាដិ កាន់បាត្រ ត្រាច់ចរទៅបិណ្ឌបាត ដំណើរនោះ នឹងសម្រេចក្នុងកាលណាហ្ន៎។
ID: 636873395167463436
ទៅកាន់ទំព័រ៖