ព្រះត្រៃបិដក ភាគ ៦២
[៩៧] (ព្រះបាទបិលយក្ខ) ម្នាលសាមៈ ជាអ្នកមានរូបល្អគួរឲ្យគយគន់ អ្នកកុំទួញយំខ្លាំងឡើយ ខ្ញុំនឹងជាអ្នកធ្វើការងារចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ។ មួយវិញទៀត ខ្ញុំជាអ្នកឈ្លាសវៃក្នុងសិល្បធ្នូស្រាប់ មានឈោ្មះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំ ខ្ញុំជាអ្នកធើ្វការងារចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ។ ខ្ញុំនឹងជាអ្នកធ្វើការងារ ស្វែងរកអំពារនៃម្រឹគ និងមើមឈើ ផ្លែឈើទាំងឡាយក្នុងព្រៃ ហើយនឹងចិញ្ចឹមនូវជនទាំងឡាយនោះក្នុងព្រៃធំ។ ម្នាលសាមៈ មាតាបិតារបស់អ្នក នៅក្នុងព្រៃណា ព្រៃនោះដូចម្តេច អ្នកបានចិញ្ចឹមនូវមាតាបិតាយ៉ាងណា ខ្ញុំក៏នឹងចិញ្ចឹមនូវគាត់យ៉ាងនោះដែរ។
[៩៨] (ព្រះមហាសត្ត) បពិត្រព្រះរាជា ផ្លូវចុះតែជើងម្នាក់នេះ នៅខាងក្បាលដំណេកទូលបង្គំជាខ្ញុំ ព្រះអង្គយាងទៅអំពីទីនេះ តែកន្លះឃោសៈ (នឹងឃើញ) ខ្ទមជាទីនៅរបស់មាតាបិតាទូលបង្គំជាខ្ញុំនោះ ព្រះអង្គយាងទៅអំពីទីនេះ សូមទ្រង់ចិញ្ចឹមនូវគាត់ក្នុងទីនោះផង។
[៩៩] បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំជាខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះរាជា ទ្រង់មានសេចក្តីចំរើនក្នុងដែនកាសី ទូលបង្គំជាខ្ញុំសូមថ្វាយបង្គំព្រះអង្គ មាតាបិតាទាំងឡាយរបស់ទូលបង្គំជាខ្ញុំ ជាមនុស្សខ្វាក់ សូមទ្រង់ចិញ្ចឹមនូវគាត់ក្នុងព្រៃធំឲ្យទាន។
ID: 636873399293389425
ទៅកាន់ទំព័រ៖