ព្រះត្រៃបិដក ភាគ ៦២
[១០៨] (ទុកូលបណ្ឌិត...) សាមៈកំឡោះនៅក្មេង មិនខ្ពស់ មិនទាបពេក ជាមនុស្សមានរូបល្អគួរគយគន់ មានសក់វែងខ្មៅ ទាំងមានចុងទន់ល្វន់។ សាមៈនោះឯង តែងស្វែងរកផលាផល ជាអ្នកដងទឹក បានកាន់យកក្អមទឹកអំពីទីនេះទៅកាន់ស្ទឹង ប្រហែលជិតមកដល់ហើយ។
[១០៩] (ព្រះបាទបិលយក្ខ...) សាមៈជាអ្នកបំរើអ្នក អ្នកនិយាយសំដៅកុមារឈោ្មះសាមៈណា ដែលមានរូបគួរគយគន់ សាមៈនោះ ខ្ញុំសម្លាប់ហើយ។ សាមៈដែលមានសក់វែងពណ៌ខ្មៅ ចុងទន់ល្វន់ (ឥឡូវនេះ) ខ្ញុំសម្លាប់ដួលដេកលើសក់ទាំងនោះ ប្រឡាក់ហើយដោយឈាម។
[១១០] (នាងបារិកា) បពិត្រទុកូល អ្នកប្រឹក្សាជាមួយនរណា ដែលបាននិយាយថា ខ្ញុំសម្លាប់សាមៈហើយ បេះដូងខ្ញុំញ័រចំប្រប់ ព្រោះឮថា សាមៈស្លាប់ហើយ។ ហ្ឫទ័យខ្ញុំញាប់ញ័រ ហាក់ដូចត្រួយពោធិបាយខ្ចី ដែលមានខ្យល់ប៉ះទង្គិច ព្រោះឮថា សាមៈស្លាប់ហើយ។
[១១១] (ទុកូលបណ្ឌិត...) ម្នាលនាងបារិកា នេះជាព្រះរាជា ជាធំក្នុងដែនកាសី ព្រះអង្គបាញ់សាមៈដោយព្រួញ ក្បែរស្ទឹងមិគសម្មតៈ ដោយសេចក្តីក្រោធ យើងកុំចង់ឲ្យមានបាបដល់ព្រះអង្គឡើយ។
[១១២] (នាងបារិកា..) បុត្រដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃ ជាបុត្តជាទីស្រឡាញ់ យើងរកបានដោយកម្រ ចិត្តមិនគប្បីរំជួលក្នុងបុរសអ្នកសម្លាប់កូនប្រុសតែមួយនោះ ដូចម្តេចបាន។
ID: 636873400436784824
ទៅកាន់ទំព័រ៖