ព្រះត្រៃបិដក ភាគ ៦២
[១១៣] (ទុកូលបណ្ឌិត...) បុត្តដែលចិញ្ចឹមយើងងងឹតងងល់ក្នុងព្រៃ ជាបុត្តជាទីស្រឡាញ់ យើងរកបានដោយកម្រ បណ្ឌិតទាំងឡាយ សរសើរសេចក្តីមិនក្រោធ ចំពោះបុរសអ្នកសម្លាប់នូវបុត្តតែមួយនោះ។
[១១៤] (ព្រះបាទបិលយក្ខ...) អ្នកទាំងពីរ កុំគប្បីខ្សឹកខ្សួលខ្លាំងចំពោះខ្ញុំ អ្នកពោលថា សាមៈ ខ្ញុំសម្លាប់ហើយ ខ្ញុំនឹងជាអ្នកធ្វើការងារចិញ្ចឹម (អ្នកទាំងពីរ) ក្នុងព្រៃធំ។ ព្រោះខ្ញុំជាអ្នកឈ្លាវៃក្នុងសិល្បធ្នូ មានឈោ្មះល្បីល្បាញថា ជាអ្នកទ្រទ្រង់នូវធ្នូដ៏មាំ ខ្ញុំនឹងធ្វើការងារចិញ្ចឹម (អ្នក) ក្នុងព្រៃធំ។ ខ្ញុំនឹងធ្វើការងារស្វែងរកអំពារម្រឹគទាំងឡាយ ទាំងមើមឈើ ផ្លែឈើ ហើយចិញ្ចឹម (អ្នក) ក្នុងព្រៃធំ។
[១១៥] (ជនទាំងពីរ...) បពិត្រមហារាជ នេះមិនមែនជាទំនៀមទេ កិរិយាធ្វើនូវអំពើ (របស់ព្រះអង្គ) នេះ មិនសមគួរដល់យើងឡើយ ព្រះអង្គជាព្រះរាជារបស់យើង ៗ សូមថ្វាយបង្គំព្រះបាទរបស់ព្រះអង្គ។
[១១៦] (ព្រះរាជា...) បពិត្រអ្នកនេសាទ អ្នកពោលនូវធម៌ អ្នកធ្វើនូវសេចក្តីគោរព (ចំពោះខ្ញុំ) អ្នកទុកជាបិតារបស់ខ្ញុំ បពិត្រនាងបារិកា នាងទុកជាមាតារបស់ខ្ញុំ។
[១១៧] (ជនទាំងពីរ...) បពិត្រព្រះរាជា ជាធំក្នុងដែនកាសី ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ចំរើនក្នុងដែនកាសី ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ ទូលបង្គំទាំងឡាយ សូមប្រណម្យអញ្ជលីចំពោះព្រះអង្គ
ID: 636873400722331156
ទៅកាន់ទំព័រ៖