ព្រះត្រៃបិដក ភាគ ៦២
ឱបាសាមៈ អ្នកមានរូបល្អ គួរឲ្យក្រឡេកមើល បាឯងខឹងខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ អ្នកឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាឯងដេកលក់ស៊ប់ បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ បាឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឱបាសាមៈ មានរូបល្អ គួរឲ្យក្រឡេកមើល បាជាបុគ្គលតូចចិត្តខ្លាំង បានជាក្នុងកាលដែលដល់នូវមរណៈក្នុងថ្ងៃនេះ បាឥតនិយាយរកយើងបន្តិចបន្តួចសោះ។ ឥឡូវនេះ នរណា នឹងរៀបចំជដា ដ៏សៅហ្មងប្រឡាក់ប្រឡូសដោយអាចម៍ដី ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ។ នរណា នឹងកាន់អំបោសបោសអាស្រម ដើម្បីយើង ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ។ ឥឡូវនេះ នរណានឹងផ្ងូត (យើង) ដោយទឹកត្រជាក់ ទឹកក្តៅ ព្រោះសាមៈ ជាអ្នកបំរើយើងងងឹតងងល់នេះ ធ្វើមរណកាលហើយ។ ឥឡូវនេះ នរណានឹងឲ្យយើងបរិភោគមើមឈើ ផ្លែឈើ ព្រោះសាមៈ ជាអ្នកបំរើ យើងងងឹតងងុលនេះ ធ្វើមរណកាលហើយ។
[១២២] មាតាឃើញសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ត្រូវសេចក្តីសោកព្រោះកូន បៀតបៀនហើយ បានពោលនូវពាក្យសច្ចៈថា ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូម្បីឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។
ID: 636873401348676981
ទៅកាន់ទំព័រ៖