ព្រះត្រៃបិដក ភាគ ៦២
ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយសច្ចៈណា សូម្បីឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកពោលនូវពាក្យសត្យដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកបំរើមាតា និងបិតា ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ ដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាអ្នកប្រព្រឹត្តកោតក្រែងនូវបុគ្គលជាធំក្នុងត្រកូល ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ សាមៈនេះ ជាទីស្រឡាញ់ដោយវិសេសរបស់ខ្ញុំជាងជីវិត ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ បុណ្យណានីមួយ ដែលខ្ញុំផង ដែលបិតារបស់អ្នកផង បានធ្វើហើយ ដោយកុសលទាំងអស់នោះ សូមឲ្យពិសរបស់សាមៈ សាបរលាបទៅ។
[១២៣] បិតាឃើញសាមៈជាបុត្ត ដួលប្រឡាក់ប្រឡូសដោយអាចម៍ដី ត្រូវសេចក្តីសោកព្រោះកូនបៀតបៀនហើយ បានពោលនូវពាក្យសច្ចៈថា ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។ ក្នុងកាលមុន សាមៈនេះ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ដោយសច្ចៈណា សូមឲ្យពិសរបស់សាមៈ សាបរលាបទៅដោយការពោលសច្ចៈនុ៎ះ។
ID: 636873401576500012
ទៅកាន់ទំព័រ៖