ព្រះត្រៃបិដក ភាគ ៦២

​ក្នុង​កាលមុន​ ​សាមៈ​នេះ​ ​ជា​អ្នកពោល​នូវ​ពាក្យ​សត្យ​ ​ដោយ​ពាក្យសច្ចៈ​ណា​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​ ​ដោយ​ការ​ពោល​សច្ចៈ​នុ៎ះ​។​ ​ក្នុង​កាលមុន​ ​សាមៈ​នេះ​ ​ជា​អ្នក​ចិញ្ចឹម​មាតា​ ​និង​បិតា​ ​ដោយ​សច្ចៈ​ណា​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​ ​ដោយ​ការ​ពោល​សច្ចៈ​នុ៎ះ​។​ ​សាមៈ​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​កោតក្រែង​នូវ​បុគ្គល​ជាធំ​ក្នុង​ត្រកូល​ ​ដោយ​សច្ចៈ​ណា​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​ ​ដោយ​ការ​ពោល​សច្ចៈ​នុ៎ះ​។​ ​សាមៈ​នេះ​ ​ជា​បុគ្គល​ជាទីស្រឡាញ់​ដោយ​វិសេស​របស់ខ្ញុំ​ជាង​ជីវិត​ ​ដោយ​សច្ចៈ​ណា​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​ ​ដោយ​ការ​ពោល​សច្ចៈ​នុ៎ះ​។​ ​បុណ្យ​ណា​នីមួយ​ ​ដែល​ខ្ញុំ​ផង​ ​ដែល​មាតា​របស់​អ្នកផង​ ​បាន​ធ្វើ​ហើយ​ ​ដោយ​កុសល​ទាំងអស់​នោះ​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​។​
 [​១២៤​]​ ​ទេវតា​នោះ​ ​បាត់​អំពី​ភ្នំ​គន្ធមាទន៍​ ​បាន​ពោល​នូវ​ពាក្យសច្ចៈ​នេះ​ ​ដោយ​សេចក្តី​អនុគ្រោះ​សាមៈ​ថា​ ​ខ្ញុំ​នៅ​អាស្រ័យ​លើ​ភ្នំ​គន្ធមាទន៍​ ​អស់កាលជាយូរអង្វែង​ហើយ​ ​ឥតមាន​នរណា​ដទៃ​ ​ដែល​ជាទី​ស្រលាញ់​ ​ដោយ​វិសេស​របស់ខ្ញុំ​ជាង​សាមៈ​ទេ​ ​ដោយ​ការ​ពោល​សច្ច​នុ៎ះ​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​។​ ​នៅ​ភ្នំ​គន្ធមាទន៍​ ​សព្វ​ព្រៃ​ព្រឹក្សា​ទាំងឡាយ​ ​សុទ្ធសឹង​មាន​ក្លិនក្រអូប​ ​ដោយ​ការ​ពោល​សច្ចៈ​នេះ​ ​សូមឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636873401794502481
ទៅកាន់ទំព័រ៖