ព្រះត្រៃបិដក ភាគ ៦២
[១២៨] (មហាសត្ត...) បពិត្រមហារាជ (សត្វលោក) តែងសំគាល់នូវបុរសដែលមានវេទនាធ្ងន់ តែនៅរស់ ឬមានសេចក្តីត្រិះរិះក្នុងចិត្ត ធ្លាក់ចុះក្នុងភវង្គ ដែលនៅរស់ថា ស្លាប់។ បពិត្រមហារាជ ម្យ៉ាងទៀត (សត្វលោក) តែងសំគាល់នូវបុរសដែលមានវេទនាធ្ងន់ តែនៅរស់ ឬចូលនិរោធនៅរស់នោះ ថាស្លាប់ហើយ។
[១២៩] សត្វណា តែងចិញ្ចឹមនូវមាតា និងបិតាដោយធម៌ ទេវតាទាំងឡាយ តែងរក្សានូវសត្វ អ្នកចិញ្ចឹមមាតាបិតានោះ។ សត្វណា តែងចិញ្ចឹមមាតា និងបិតាដោយធម៌ បណ្ឌិតទាំងឡាយក្នុងលោកនេះឯង តែងសរសើរនូវសត្វនោះ សត្វនោះ លុះលះបង់លោកនេះទៅ រមែងរីករាយក្នុងស្ថានសួគ៌។
[១៣០] (ព្រះបាទបិលយក្ខ...) ខ្ញុំរឹងរឹតតែវងេ្វង ភ័ន្តភាំងស្មារតី ងងឹតងងល់សព្វទិសានុទិស ម្នាលសាមៈ ខ្ញុំសូមយកអ្នកជាទីពឹង អ្នកចូរជាទីពឹងរបស់ខ្ញុំ។
[១៣១] (មហាសត្ត...) បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះមាតា និងបិតា បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះបុត្ត និងភរិយា បពិត្រព្រះរាជា លុះព្រះអង្គបានប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។
ID: 636873402335913448
ទៅកាន់ទំព័រ៖