ព្រះត្រៃបិដក ភាគ ៦២

ចំណែក​ព្រះបាទ​នេមិរាជ​អង្គ​នោះ​ ​លុះ​ព្រះ​ឥន្រ្ទាធិរាជ​ធ្វើ​ឱកាស​ហើយ​ ​ក៏​ទ្រង់​ត្រាស់​សួរ​នូវ​ទេវរាជ​ឈ្មោះ​វាសវៈ​ថា​ ​បពិត្រ​ទេវរាជ​ជា​ឥស្សរៈ​ជាង​សព្វ​សត្វ​ទាំងឡាយ​ ​ខ្ញុំ​សូម​សួរ​ព្រះអង្គ​ថា​ ​ទាន​ក្តី​ ​ព្រហ្មចរិយៈ​ក្តី​ ​កុសល​ណា​មានផល​ច្រើនជាង​។​ ​ព្រះ​វាសវៈ​នោះ​ ​ដែល​ព្រះបាទ​នេមិ​ ​ជា​នរទេព​សួរ​ហើយ​ ​ក៏​ឆ្លើយតប​ព្រះបាទ​នេមិ​វិញ​ ​ព្រះ​វាសវៈ​នោះ​ ​ប្រាប់​នូវ​ផល​នៃ​ព្រហ្ម​ចិ​រយៈ​ ​បាន​ទូល​ព្រះបាទ​នេមិ​ ​ដែល​មិន​ជ្រាប​ថា​ ​បុគ្គល​កើត​ក្នុង​ត្រកូល​ក្សត្រ​ដោយ​ព្រហ្មចរិយៈ​ថោកទាប​(​១​)​ ​ដល់​នូវ​ភាពជា​ទេវតា​ដោយ​ព្រហ្មចរិយៈ​ជា​កណ្តាល​(​២​)​ ​បរិសុទ្ធ​ស្អាត​ដោយ​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់​(​៣​)​។​ ​ពួក​អ្នកបួស​ ​ប្រព្រឹត្ត​តបៈ​ទាំងឡាយ​ ​ទៅ​កើត​ក្នុង​ពួក​ព្រហ្ម​ណា​ ​ពួក​ព្រហ្ម​ទាំង​នុ៎ះ​ ​បុគ្គល​អ្នក​ប្រកប​ក្នុង​ការ​សូម​ណាមួយ​ ​មិន​ងាយ​បាន​សោះ​ទេ​។​
​(​១​)​-​(​៣​)​ ​តាម​សេចក្តី​យល់​របស់​សក្កទេវរាជ​ពោល​តាម​ពា​ហិ​រសា​សនា​ថា​ ​សីល​ដែល​គ្រាន់តែ​វៀរចាក​មេថុន​ ​ហៅថា​ ​ព្រហ្មចរិយៈ​ថោកទាប​ ​អាច​ញុំាង​បុគ្គល​ឲ្យ​ទៅ​កើត​ក្នុង​ត្រកូល​ក្សត្រ​។​ ​ឧបចារ​ជ្ឈាន​ ​ហៅថា​ ​ព្រហ្មចរិយៈ​ជា​កណ្តាល​ ​អាច​ញុំាង​បុគ្គល​ឲ្យ​ទៅ​កើតជា​ទេវតា​។​ ​សមាបត្តិ​ប្រាំបី​ ​ហៅថា​ ​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់​ ​អាច​ញុំាង​បុគ្គល​ឲ្យ​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​ ​ពួ​ក​ពា​ហិ​រសា​សនា​សំដៅយក​ព្រហ្មលោក​នោះ​ ​ថា​ជា​និព្វាន​។​ ​ពុទ្ធសាសនា​ថា​ ​ព្រហ្មចរិយៈ​របស់​ភិក្ខុ​ ​ដែល​មាន​សីល​បរិសុទ្ធ​ ​តែ​ប្រាថ្នា​យក​ទេពនិកាយ​ណាមួយ​ ​ចាត់ជា​ព្រហ្មចរិយៈ​ថោកទាប​ ​សមាបត្តិ​ប្រាំបី​ ​ចាត់ជា​ព្រហ្មចរិយៈ​កណ្តាល​ ​អរហត្តមគ្គ​ ​ចាត់ជា​ព្រហ្មចរិយៈ​ខ្ពង់ខ្ពស់​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636873403334370556
ទៅកាន់ទំព័រ៖