ព្រះត្រៃបិដក ភាគ ៦២
[១៣៧] នៅប្រទេសហិមវន្តខាងជើង មានស្ទឹងឈ្មោះសីទា មានជម្រៅដ៏ជ្រៅ អ្នកផងឆ្លងបានដោយកម្រ (ទាំងពីរខាងឆ្នេរស្ទឹងនោះ) មានភ្នំមាស ពណ៌ដូចភ្លើងខៀវ រុងរឿងសព្វ ៗ កាល។ (ទៀបឆ្នេរនៃស្ទឹងនោះ) សឹងមានដើមក្រឹស្នាលូតលាស់ទង្គំទង្គោល មានទាំងរុក្ខជាតិផេ្សងៗ មានគុម្ពលូតលាស់ (អំពីជើងបព៌ត) ក្នុងកាលមុន មានពួកឥសីចាស់ៗ មួយម៉ឺនអង្គ នៅក្នុងទីនោះឯង។ ខ្ញុំជាបុគ្គលប្រសើរដោយការឲ្យ និងការប្រព្រឹត្តិវត្ត ដោយការសង្រួម និងការទូន្មាន (នូវឥន្រ្ទិយ) ហើយប្រព្រឹត្ត (ម្នាក់ឯង) លះបង់ (ពួក) ជាអ្នកមានចិត្តតាំងមាំ។ ខ្ញុំមិនរិះគន់នូវជនអ្នកមានជាតិទាប និងមានជាតិខ្ពស់ នមស្ការចំពោះជនអ្នកមានចិត្តត្រង់ មិនមានកំណត់កាលវេលាឡើយ ព្រោះថា សត្វទាំងឡាយមានកម្មជាផៅពង្ស។ វណ្ណ
(១) ទាំងអស់ អ្នកមិនតាំងនៅក្នុងធម៌ រមែងធ្លាក់ចុះក្នុងនរក ជាខាងក្រោម វណ្ណៈទាំងអស់ បានប្រព្រឹត្តធម៌ដ៏ឧត្តមហើយ រមែងបរិសុទ្ធ។
[១៣៨] មឃវទេវរាជ សុជម្បតិ ទ្រង់ពោលពាក្យនេះ ទ្រង់ប្រៀនប្រដៅព្រះបាទនេមិជាធំក្នុងដែនវិទេហៈ រួចហើយទ្រង់ចៀសចេញទៅកាន់ពួកទេវតាក្នុងឋានសួគ៌។
(១) សំដៅយក ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ និងសូទ្រៈ។
ID: 636873403935584944
ទៅកាន់ទំព័រ៖