ព្រះត្រៃបិដក ភាគ ៦២

 ​[​១៤២​]​ ​លំដាប់នោះ​ ​ព្រះបាទ​វិទេហៈ​ ​អ្នកគ្រប់គ្រង​ក្រុង​មិថិលា​ ​ទ្រង់​ម្នីម្នា​ក្រោក​ចាក​អាសនៈ​ ​បែរ​ព្រះ​ភក្រ្ត​ឡើង​កាន់​រថ​។​ ​មាត​លិ​ទេវបុត្រ​ ​ទូល​សួរ​ព្រះបាទ​នេមិរាជ​នុ៎ះ​ ​ដែល​សេ្តច​ឡើង​កាន់​រថ​ទិព្វ​ហើយ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ជា​ម្ចាស់​នៃ​ទិស​ ​ទូលបង្គំជាខ្ញុំ​នាំ​ព្រះអង្គ​ទៅតាម​ផ្លូវ​ណា​ ​តាមផ្លូវ​ដែល​សត្វ​មាន​បាបកម្ម​ ​ឬ​តាមផ្លូវ​ដែល​សត្វ​មាន​បុញ្ញកម្ម​។​
 [​១៤៣​]​ ​(​ព្រះបាទ​នេមិ​.​.​.​)​ ​ម្នាល​មាត​លិ​ទេវ​សារថី​ ​អ្នក​ចូរ​នាំ​ខ្ញុំ​ទៅតាម​ផ្លូវ​ទាំងពីរ​ ​គឺ​ផ្លូវ​ដែល​សត្វ​មាន​បាបកម្ម​ផង​ ​ផ្លូវ​ដែល​សត្វ​មាន​បុញ្ញកម្ម​ផង​។​
 ​[​១៤៤​]​ ​(​មាត​លិ​.​.​.​)​ ​បពិត្រ​ព្រះរាជា​ដ៏​ប្រសើរ​ ​ជា​ម្ចាស់​នៃ​ទិស​ ​ទូលបង្គំជាខ្ញុំ​នាំ​ព្រះអង្គ​ទៅតាម​ផ្លូវ​ណា​មុន​ ​តាមផ្លូវ​ដែល​សត្វ​មាន​បាបកម្ម​មុន​ឬ​ ​ឬ​តាមផ្លូវ​ដែល​សត្វ​មាន​បុញ្ញកម្ម​មុន​។​
 [​១៤៥​]​ ​(​ព្រះបាទ​នេមិ​.​.​.​)​ ​ខ្ញុំ​ចង់​ឃើញ​នរក​ជាទី​នៅ​នៃ​សត្វ​អ្នកមាន​បាបកម្ម​ទាំងឡាយ​ ​ខ្ញុំ​ចង់​ឃើញ​ឋាន​នៃ​សត្វ​អ្នកមាន​កម្ម​លាមក​ ​និង​គតិ​នៃ​សត្វ​ទ្រុស្តសីល​ទាំងឡាយ​មុន​។​ ​
 [​១៤៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​មាត​លិ​ទេវ​សារថី​ ​បង្ហាញ​ព្រះរាជា​នូវ​ស្ទឹង​ឈ្មោះ​វេ​តរ​ណី​ ​ដែល​សត្វ​ឆ្លង​បាន​ដោយ​កម្រ​ ​ប្រកប​ព្រមដោយ​ទឹក​ផ្សា​ប្រៃ​កំពុង​ពុះ​ ​ក្តៅ​ដូច​អណ្តាត​ភ្លើង​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636873404566811048
ទៅកាន់ទំព័រ៖