ព្រះត្រៃបិដក ភាគ ៦២
បីដូចគោទាំងឡាយដែលគេពន្លះក្នុងទីសម្លាប់ ផ្គងដើមដៃទាំងឡាយ យំកន្ទក់កន្ទេញ ពួកស្រ្តីទាំងនោះ (មានខ្លួនត្រឹមចង្កេះ) លិចចុះក្នុងផែនដី មានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនសព្វៗកាល ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិជាទេវសារថី ខ្ញុំសួរអ្នក ពួកស្ត្រីដែល (មានខ្លួនត្រឹមចង្កេះ) លិចចុះក្នុងផែនដី មានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនសព្វ ៗ កាល តើពួកស្រ្តីទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៧២] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនទ្រង់ជ្រាបថា ពួកស្រ្តីមានត្រកូលក្នុងជីវលោកនេះ មានអំពើមិនបរិសុទ្ធ បានប្រព្រឹត្តនូវអំពើជារបស់អសប្បុរស ពួកស្រ្តីទាំងនោះ មានសភាពជាអ្នកលេង លះបង់ស្វាមី ហើយត្រាច់ទៅរកបុរសដទៃ ព្រោះហេតុតែកាមគុណ និងលែ្បងពាល ពួកស្រ្តីទាំងនោះ ក្នុងជីវលោក លុះញ៉ាំងបុរសដទៃឲ្យត្រេកត្រអាល ទើបមានភ្លើងឆេះសន្ធោសន្ធៅ មានភ្នំរមៀលកិនដូច្នេះ។
ID: 636873407106046284
ទៅកាន់ទំព័រ៖