ព្រះត្រៃបិដក ភាគ ៦២
[១៧៣] (ព្រះរាជា...) ព្រោះហេតុអ្វី បានជាសត្វនរកមួយពួកទៀតនេះ ត្រូវនាយនិរយបាលចាប់ជើង ឲ្យមានក្បាលសំយុងចុះ ហើយទម្លាក់ទៅក្នុងរណ្តៅ ម្នាលទេពបម្រើ ភ័យមានដល់ខ្ញុំព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក ពួកសត្វទាំងនេះ ដែលមានក្បាលសំយុងចុះ នាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅនរក តើពួកសត្វទាំងនេះ បានធ្វើបាបដូចមេ្តច។
[១៧៤] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបាបកម្មដែលខ្លួនដឹងហើយ ទូលព្រះរាជានោះដែលមិនជ្រាបថា ជនទាំងឡាយណា ក្នុងជីវលោកនេះ អ្នកមានអំពើជារបស់អសប្បុរស ប្រព្រឹត្តកន្លងនូវប្រពន្ធទាំងឡាយនៃជនដទៃ សត្វទាំងឡាយប្រាកដដូច្នោះនោះ ឈោ្មះថាជាអ្នកលួចនូវរបស់ដ៏ថ្លៃថ្លា បានជាសត្វទាំងនោះ (មានក្បាលសំយុងចុះ) ត្រូវនាយនិរយបាលទម្លាក់ទៅក្នុងរណ្តៅ។ សត្វទាំងឡាយនោះ តែងរងនូវទុក្ខវេទនាក្នុងនរកទំាងឡាយនោះ អស់ប្រជុំនៃឆ្នាំដ៏ច្រើន
ID: 636873407317888400
ទៅកាន់ទំព័រ៖