ព្រះត្រៃបិដក ភាគ ៦២
គាត់បានបម្រើភិក្ខុទាំងឡាយ ដែលអាស្រ័យនៅក្នុងកុដិនោះដោយគោរព បានប្រគេនចីវរសម្រាប់ស្លៀកដណ្តប់ផង ភត្តាហារផង សេនាសនៈផង គ្រឿងប្រទីបផង ចំពោះលោកអ្នកមានចិត្តត្រង់ទាំងឡាយ ដោយចិត្តជ្រះថ្លា។ គាត់រក្សាឧបោសថប្រកបដោយអង្គប្រាំបី អស់តិថីទី ១៤ ផង តិថីទី ១៥ ផង តិថីទី៨ នៃបក្ខផង បាដិហារិយបក្ខផង គាត់ជាអ្នកសង្រួមក្នុងសីលទាំងឡាយសព្វ ៗ កាល ជាអ្នកសង្រួមនូវឥន្រ្ទិយ ជាអ្នកចែកទាន ទើបគាត់រីករាយក្នុងវិមាន។
[១៨២] (ព្រះរាជា...) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជាំងជាវិការៈនៃកែវផលិក ពាសពេញដោយពួកនារីដ៏ប្រសើរ រុងរឿងដោយផ្ទះកំពូល ប្រកបដោយទឹក និងភោជន ដោយកិរិយារាំ និងច្រៀងទាំងពីរ។ ម្នាលទេពបម្រើ ខ្ញុំមានសេចក្តីត្រេកអរព្រោះឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើនារីទាំងនេះ បានធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
ID: 636873408232970740
ទៅកាន់ទំព័រ៖