ព្រះត្រៃបិដក ភាគ ៦២
[១៨៣] មាតលិទេវសារថី ដែលព្រះបាទនេមិសួរហើយ ក៏ព្យាករនូវផលនៃបុញ្ញកម្មទាំងឡាយ ដែលខ្លួនដឹងហើយ ទូលព្រះរាជានោះ ដែលមិនទ្រង់ជ្រាបថា ពួកនារីណានីមួយ ក្នុងជីវលោកនេះ មានសីល ជាឧបាសិកា ត្រេកអរក្នុងទាន មានចិត្តជ្រះថ្លាជានិច្ច តាំងនៅក្នុងសច្ចធម៌ មិនប្រហែសធ្វេសក្នុងឧបោសថ ជាអ្នកសង្រួម ជាអ្នកចែកទាន ទើបនារីទាំងនោះរីករាយក្នុងវិមាន។
[១៨៤] (ព្រះរាជា...) វិមាននេះ ដែលបុញ្ញកម្មនិម្មិតហើយ ដ៏រុងរឿងដោយជញ្ជំាង ជាវិការៈនៃកែវពៃទូរ្យ ប្រកបដោយភូមិភាគ ចែកវាស់ដោយចំណែក។ (ក្នុងវិមាននេះ) មានសូរសម្លេងទិព្យលាន់ឮ គឺស្គរ សមោ្ភរ កិរិយារាំ ច្រៀង និងប្រគំ គួរស្តាប់ ជាទីរីករាយនៃចិត្ត។ សម្លេងដែលប្រព្រឹត្តទៅយ៉ាងនេះ ពីរោះយ៉ាងនេះ ពីមុនមក ខ្ញុំមិនដែលឃើញ ទាំងមិនដែលឮឡើយ ទើបតែបានដឹង។ ម្នាលទេពបម្រើ សេចក្តីត្រេកអរមានដល់ខ្ញុំព្រោះបានឃើញ ម្នាលមាតលិទេវសារថី ខ្ញុំសួរអ្នក តើពួកទេវបុត្រទាំងនេះ ធ្វើកុសលកម្មដូចមេ្តច ទើបដល់ឋានសួគ៌ ហើយរីករាយក្នុងវិមាន។
ID: 636873408436842401
ទៅកាន់ទំព័រ៖