ព្រះត្រៃបិដក ភាគ ៦២

 ​[​១៩៣​]​ ​មាត​លិ​ទេវ​សារថី​ ​ដែល​ព្រះបាទ​នេមិ​សួរ​ហើយ​ ​ក៏​ព្យាករ​នូវ​ផល​នៃ​បុញ្ញកម្ម​ទាំងឡាយ​ ​ដែល​ខ្លួន​ដឹង​ហើយ​ ​ទូល​ព្រះរាជា​នោះ​ ​ដែល​មិន​ទ្រង់​ជ្រាប​ថា​ ​ទេវបុត្រ​អង្គ​នេះ​ ​ជាគ​ហប​តី​ជា​ម្ចាស់​នៃ​ទាន​ក្នុង​ក្រុង​សាវត្ថី​ ​បាន​កសាង​សួនច្បារ​ ​ស្រះ​ ​អណ្តូង​ទឹក​ ​និង​ស្ពាន​ ​បាន​ប្រតិបត្តិ​ព្រះអរហន្ត​ទាំងឡាយ​ ​ជា​អ្នកមាន​ចិត្តត្រជាក់​ ​ដោយ​គោរព​ ​បាន​ថ្វាយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ ​(​គិលាន​ប្ប​ច្ច័​យ​)​ ​ចំពោះ​ព្រះអរហន្ត​ទាំងឡាយ​ ​អ្នកមាន​ចិត្តត្រង់​ដោយចិត្ត​ជ្រះថ្លា​។​ ​គហបតី​នោះ​ ​បាន​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​អស់​តិថី​ទី​ ​១៤​ ​ផង​ ​តិថី​ទី​ ​១៥​ ​ផង​ ​តិថី​ទី​ ​៨​ ​នៃ​បក្ខ​ផង​ ​អស់​បាដិហារិយ​បក្ខ​ផង​ ​សង្រួម​ក្នុង​សីល​ទាំងឡាយ​ ​សព្វ​ៗ​ ​កាល​ ​ជា​អ្នក​សង្រួម​ឥន្រ្ទិយ​ ​ជា​អ្នក​ចែកទាន​ ​ទើប​គហបតី​នោះ​ ​រីករាយ​ក្នុង​វិមាន​។​ ​
 ​[​១៩៤​]​ ​(​ព្រះរាជា​.​.​.​)​ ​វិមាន​ទាំងឡាយ​នេះ​ ​ជា​វិការ​នៃ​មាស​ ​មាន​ប្រមាណ​ច្រើន​ ​ដែល​បុញ្ញកម្ម​និម្មិត​ហើយ​ ​តាំងនៅ​ក្នុង​អាកាស​ ​មាន​ពន្លឺ​ដ៏​រុងរឿង​ ​ដូចជា​ផ្លេកបន្ទោរ​ក្នុង​ចន្លោះ​នៃ​មេឃ​ ​ក្នុង​វិមាន​ទាំងឡាយ​នោះ​ ​មាន​ពួក​ទេវតា​មាន​ឫទ្ធិ​ច្រើន​ ​សឹង​ប្រដាប់ដោយ​គ្រឿង​អាភរណៈ​គ្រប់បែប​ ​មាន​ពួក​នាងទេពអប្សរ​ចោមរោម​ហើយ​ ​ប្រទក្សិណ​វិលវង់​ដោយ​ជុំវិញ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636873409845112949
ទៅកាន់ទំព័រ៖