ព្រះត្រៃបិដក ភាគ ៦២
ភូរិទត្តជាតក ទី៦
[២៩៤] (នាគទាំង ៤ ក្រាបបង្គំទូលថា) រតនៈណាមួយ មានក្នុងនិវេសន៍របស់នាគរាជព្រះនាមធតរដ្ឋ រតនៈទាំងអស់នោះ ចូរមកដល់ព្រះអង្គ សូមព្រះអង្គទ្រង់ប្រទានធីតាដល់ព្រះរាជាយើង។
[២៩៥] (ព្រះបាទព្រហ្មទត្តត្រាស់ថា) វិវាហៈជាមួយនឹងពួកនាគ យើងមិនធ្លាប់ធ្វើក្នុងកាលណាម្តងទេ យើងនឹងធ្វើវិវាហៈមិនសមគួរនោះ ដូចមេ្តចកើត។
[២៩៦] (នាគទាំង ៤...) បពិត្រព្រះអង្គជាធំជាងមនុស្ស ជីវិតក្តី ដែនក្តី ព្រះអង្គនឹងលះបង់ដោយពិត កាលបើនាគខឹងហើយ ព្រះរាជាទាំងឡាយប្រហែលនឹងព្រះអង្គ មិនគង់ព្រះជន្មនៅយូរទេ។ បពិត្រព្រះសម្មតិទេព ព្រះអង្គណាជាមនុស្ស ព្រះអង្គនោះ មិនមានឫទ្ធិ មើលងាយព្រះរាជាដែលមានឫទ្ធិ ជាកូនបង្កើតនៃព្រះបាទវរុណៈ ដែលកើតក្នុងទន្លេយមុនា។
[២៩៧] (ព្រះរាជា...) យើងមិនមើលងាយព្រះបាទធតរដ្ឋដ៏មានយសទេ ព្រោះថា ព្រះបាទធតរដ្ឋ ជាធំជាងនាគទាំងឡាយដ៏ច្រើន។ ពស់ទុកជាមានអានុភាពច្រើន ក៏មិនសមគួរនឹងធីតារបស់យើងទេ ចំណែកខាងយើង ជាក្សត្រិយ៍របស់អ្នកដែនវិទេហៈ ធីតា (របស់យើង) ឈ្មោះសមុទ្ទជា មានជាតិដ៏ប្រសើរ។
ID: 636873434813891082
ទៅកាន់ទំព័រ៖