ព្រះត្រៃបិដក ភាគ ៦២
មហាជនកជាតក ទី២
[៤៩] (នាងទេវធីតាឈោ្មះមណីមេខលាសួរថា) បុគ្គលណានេះ កាលមិនឃើញត្រើយ ក៏ព្យាយាម (ហែល) ក្នុងកណ្តាលសមុទ្រ អ្នកដឹងនូវអំណាចនៃប្រយោជន៍ដូចមេ្តច ក៏ព្យាយាមក្រៃពេកម្ល៉េះ។
[៥០] (ព្រះមហាសត្វត្រាស់តបថា) មា្នលទេវតា ខ្ញុំពិចារណានូវវត្តនៃសត្វលោក និងអានិសង្សនៃសេចក្តីព្យាយាម ព្រោះហេតុដូចច្នោះ ខ្ញុំសូម្បីមិនឃើញត្រើយ ក៏នៅតែព្យាយាមក្នុងកណ្តាលសមុទ្រ។
[៥១] (នាងមណីមេខលា) អ្នកមិនឃើញត្រើយនៃសមុទ្រដ៏ជ្រៅប្រមាណមិនបាន ការព្យាយាមតាមកម្លាំងបុរសរបស់អ្នក ជាព្យាយាមសោះសូន្យទទេ អ្នកមិនដល់នូវត្រើយទេ មុខជានឹងស្លាប់។
[៥២] (ព្រះមហាសត្វ) បុគ្គលធ្វើនូវកិច្ចរបស់បុរស ទើបជាអ្នកមិនមានបំណុល (ក្នុងរវាង) ពួកញាតិ ពួកទេវតា និងពួកបិតា (ព្រហ្ម) ទាំងមិនក្តៅក្រហាយក្នុងកាលជាខាងក្រោយ។
[៥៣] (នាងមណីមេខលា) ការងារណា មិនគប្បីសម្រេច (ដោយសេចក្តីព្យាយាមទេ) ការងារនោះ ជារបស់ឥតផល មានសេចក្តីលំបាកជាកម្រៃ សេចក្តីស្លាប់ រមែងសម្រេចដល់បុគ្គលណា បុគ្គលនោះ មានប្រយោជន៍ដូចមេ្តចដោយសេចក្តីព្យាយាមក្នុងការងារនោះ។
ID: 636873391860044262
ទៅកាន់ទំព័រ៖