ព្រះត្រៃបិដក ភាគ ៦២
            
        
        
            
            
                
                នេមិរាជជាតក ទី៤
 [១៣២] (អភិសម្ពុទ្ធគាថា) ក្នុងកាលដែលព្រះបាទនេមិជាបណ្ឌិត អ្នកត្រូវការដោយកុសស ជាព្រះរាជាអ្នកទូនា្មននូវសត្រូវ ទ្រង់តែងឲ្យទានដល់ជនអ្នកនៅក្នុងដែនវិទេហៈទាំងឡាយគ្រប់គ្នា គ្រានោះ (មនុស្ស និងទេវតាទាំងឡាយ តែងសរសើរថា) ឱអស្ចារ្យណាស់ អ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាជាគ្រឿងពិចារណា កើតឡើងក្នុងលោកហើយ។ កាលព្រះរាជាអង្គនោះ ទ្រង់ឲ្យទាននោះ សេចក្តីត្រិះរិះកើតឡើងថា ទានក្តី ព្រហ្មចរិយៈក្តី កុសលណាហ្ន៎ មានផលច្រើនជាង។
 [១៣៣] ទេវរាជឈ្មោះមឃវៈ ជាទេវកុញ្ជរ ជាសហស្សនេត្រ បានជ្រាបព្រះតម្រិះរបស់ព្រះរាជានោះហើយ មកប្រាកដ (ក្នុងទីចំពោះព្រះភក្រ្តព្រះរាជា) កំចាត់បង់នូវងងឹតដោយវណ្ណៈ។ ព្រះបាទនេមិរាជជាធំជាងមនុស្ស ទ្រង់ព្រឺព្រះលោមា បានសួរទេវរាជឈ្មោះវាសវៈថា អ្នកជាទេវាតា ឬជាគន្ធព្វ ឬក៏ជាសក្កៈបុរិន្ទទៈ។ រស្មីប្រាកដដូចោ្នះ ខ្ញុំពុំដែលឃើញ ទាំងមិនធ្លាប់ឮឡើយ បពិត្រអ្នកដ៏ចំរើន អ្នកចូរប្រាប់ខ្ញុំ ធ្វើម្តេចយើងស្គាល់អ្នកបាន។ ទេវរាជឈ្មោះវាសវៈជ្រាបថា ព្រះបាទនេមិ ព្រឺព្រះលោមាហើយ ទើបឆ្លើយថា ខ្ញុំជាព្រះឥន្រ្ទ ជាធំជាងទេវតា មកកាន់សំណាក់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងមនុស្ស ទ្រង់កុំព្រឺព្រះលោមាឡើយ ព្រះអង្គមានសេចក្តីប្រាថា្ន ដើម្បីសួរនូវប្រស្នាណា សូមទ្រង់សួរចុះ។ 
            
 
            
         
        
            
                ID: 636873402959939140 
                
            
            
                ទៅកាន់ទំព័រ៖