ព្រះត្រៃបិដក ភាគ ៦៣
ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថើ្មរជើង ព្រមទាំងអ្នកនិគមទាំងអស់ និងពួកអ្នកសិវិរាស្រ្ត ក៏មកប្រជុំគ្នាដែរ។ លុះរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង ពួកអ្នកសិវិរាស្រ្ត ព្រមព្រៀងគ្នានឹងបណេ្តញព្រះអង្គចាកដែន។
[២៣៣] (ព្រះវេស្សន្តរ…) ព្រោះដំណើរដូចមេ្តច បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងយើង ដ្បិតយើងរកមិនឃើញអំពើអាក្រក់ទេ ម្នាលអាមាត្យ អ្នកចូរប្រាប់ដំណើរនោះដល់យើង ព្រោះហេតុអ្វី បានជាគេបណេ្តញ។
[២៣៤] (អាមាត្យ…) ពួកអ្នកមានកេរ្តិ៍ឈ្មោះ ពួករាជបុត្ត ពួកអ្នកជំនួញ ពួកព្រាហ្មណ៍ ពួកទាហានដំរី ទាហាន (សេះ) ពលរថ និងពលថ្មើរជើង ខឹងនឹងព្រះអង្គ ព្រោះតែការប្រទានដំរី ហេតុនោះ បានជាគេបណេ្តញព្រះអង្គ។
[២៣៥] (ព្រះវេស្សន្តរ…) យើងចង់ឲ្យបេះដូង ឬភ្នែកផង ទ្រព្យជាខាងក្រៅរបស់យើង គឺប្រាក់ មាស កែវមុក្តា កែវពិទូរ្យ និងកែវមណី ជាប្រយោជន៍អ្វី បើយើងបានឃើញស្មូមមកសុំដៃស្តាំ ឬដៃឆេ្វង គួរតែឲ្យ មិនគប្បីរំភើបទេ (ព្រោះថា) ចិត្តរបស់យើងរីករាយក្នុងការឲ្យ (ទាន)។ ពួកអ្នកសិវិរាស្រ្តទាំងអស់នោះ ចង់បណេ្តញ ឬចង់សម្លាប់យើងក៏ដោយចុះ យើងនឹងមិនវៀរចាកការឲ្យ (ទាន) ទេ អ្នកដែនទាំងអស់ចង់កាត់យើងជាប្រាំពីរកំណាត់ក៏ដោយចុះ។
ID: 637344844933134337
ទៅកាន់ទំព័រ៖