ព្រះត្រៃបិដក ភាគ ៦៣

 [១៨​] ព្រះរាជា​ព្រះនាម​អង្គ​តិ​ ទ្រង់ព្រះ​សណ្តាប់​ពាក្យ​វីជ​កៈ​ហើយ ទ្រង់​ត្រាស់​ថា ម្នាល​វីជ​កៈ ទ្វារ​នៃ​សុគតិ​មិន​មាន​ទេ​ អ្នក​ចូរ​សង្ឃឹម​ការ​ដ៏​ទៀង​ចុះ។ បានឮ​ថា សុខ ឬទុក្ខ​ជា​របស់​ទៀង​ ដែល​ពួក​សត្វ​រមែងតែ​បាន​សេច​ក្តី​បរិ​សុ​ទ្ធិ​ ព្រោះ​សង្សារ​របស់​សត្វ​ទាំងអស់​ (រមែង​មាន​) អ្នក​កុំ​ប្រញាប់​ចង់​ឃើញ​ក្នុង​កាល​ដែល​មិនទាន់​ដល់​ (កំណត់​នោះ​) ឡើយ។ ក្នុង​កាលមុន យើង​ជា​បុគ្គល​ល្អ បាន​ខ្វល់ខ្វាយ​ (បម្រើ​) នូវ​ពួក​ព្រាហ្មណ៍​ និង​គហបតី កាល​ប្រៀនប្រដៅ​នូវ​វោហារ​ (រាជកិច្ច​) ក៏​សាបសូន្យ​ចាក​សេចក្តី​ត្រេកអរ​ (ក្នុង​កាមគុណ​) ជាលំដាប់។
 [១៩​] ព្រះរាជា​ ទ្រង់​ត្រាស់​នឹង​អចេលកៈ ជា​កស្សប​គោត្រ​ថា បពិត្រ​លោក​ដ៏​ចំរើន ប្រសិនបើ​មានការ​ប្រជុំ យើង​នឹង​ជួបគ្នា​ម្តង​ទៀត។ ព្រះបាទ​វិទេហៈ ទ្រង់​ត្រាស់​ព្រះតម្រាស់​នេះ​ហើយ ទ្រង់​ត្រឡប់ទៅ​កាន់​ព្រះ​និវេសន៍​របស់​ព្រះអង្គ​វិញ។
 [២០​] លំដាប់នោះ​ លុះ​រាត្រី​អស់ហើយ ព្រះបាទ​អង្គ​តិ ទ្រង់​ប្រជុំ​ពួក​អាមាត្យ​ក្នុង​ទី​ជាទី​បម្រើ ហើយ​ត្រាស់​ព្រះតម្រាស់​ដូច្នេះ​ថា​ អាមាត្យ​ទាំងឡាយ ចូរ​ចាត់ចែង​កម្ម​ទាំងឡាយ​ក្នុង​វិមាន​ចន្ទ​ក៍​របស់​យើង​សព្វ​ៗកាល នាកាល​សេចក្តី​កំបាំង​ និង​សេចក្តី​ជាក់ស្តែង​កើតឡើង​ហើយ អាមាត្យ​ឯណា​នីមួយ​ កុំមក​រក​យើង​ឡើយ។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637344771485604705
ទៅកាន់ទំព័រ៖