ព្រះត្រៃបិដក ភាគ ៦៣
នាងមទ្រីមានអវយវៈគួរសរសើរនោះ តែងពាក់ស្បែកជើងមាស ហើយដើរទៅ ថ្ងៃនេះនឹងដើរដោយជើងទៅតាមផ្លូវដូចមេ្តចបាន។ នាងមទ្រីណា តែងពាក់កម្រងផ្កា ដើរទៅខាងមុខនៃស្ត្រីមួយពាន់ ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ នឹងដើរទៅព្រៃតែម្នាក់ឯងដូចម្តេចបាន។ នាងមទ្រីណា ដែលនៅក្នុងបូរី គ្រាន់តែបានឮសំឡេងចចកលូរឿយ ៗ រមែងតក់ស្លុត ថ្ងៃនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្ត្រីរន្ធត់ នឹងទៅព្រៃដូចម្ដេចបាន។ នាងមទ្រីណា គ្រាន់តែបានឮសំឡេងមៀម ជាកោសិយគោត្រ កាលស្រែកបន្លឺ ក៏ខា្លចរន្ធត់ ដូចមេមត់ដែលខោ្មចចូល ថៃ្ងនេះ នាងមទ្រីមានអវយវៈគួរសរសើរនោះ ជាស្រ្តីមានសេចក្តីរន្ធត់ នឹងដើរទៅព្រៃដូចមេ្តចបាន។ ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្ដីទុក្ខអស់កាលយូរ ដូចមេបក្សីដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេបក្សីដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេបក្សី ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។
ID: 637344849265136131
ទៅកាន់ទំព័រ៖