ព្រះត្រៃបិដក ភាគ ៦៣
ខ្ញុំម្ចាស់លុះមកកាន់បុរីនេះសូន្យទទេហើយ នឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរ ដូចមេអកដែលបាត់កូន ឃើញតែសំបុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមស្លេកស្លាំង ដូចជាមេអក ដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដូចជាមេអកដែលបាត់កូន ឃើញតែសម្បុកសូន្យទទេដូច្នោះ។ ខ្ញុំម្ចាស់នោះ មកកាន់បុរីនេះសូន្យទទេហើយ មុខជានឹងឆេះដោយសេចក្តីទុក្ខអស់កាលយូរដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) លើភក់មិនមានទឹក។ ខ្ញុំម្ចាស់នោះមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្គមសេ្លកស្លាំងដោយពិត ដូចជាមេចាក្រពាក ដែល (សំកុក) នៅលើភក់មិនមានទឹក។ ខ្ញុំម្ចាស់កាលមិនឃើញកូន (ទាំងពីរ) ជាទីស្រឡាញ់ហើយ មុខជានឹងស្ទុះទៅតាមទីនោះៗ ដោយពិត ដូចជាមេចាក្រពាក ដែលនៅលើភក់មិនមានទឹក។ កាលបើខ្ញុំម្ចាស់យំរៀបរាប់យ៉ាងនេះហើយ ព្រះអង្គនៅតែបណេ្តញរាជបុត្តនោះ ដែលជាអ្នកមិនប្រទូស្ត ឲ្យចេញចាកដែន ខ្ញុំម្ចាស់ទំនងជានឹងលះបង់ជីវិតមិនខាន។
ID: 637344849580132204
ទៅកាន់ទំព័រ៖