ព្រះត្រៃបិដក ភាគ ៦៣
ព្រោះដំណើរនោះហើយ បានជាពួកអ្នកសិវិរាស្រ្តខឹងនឹងខ្ញុំ ទាំងព្រះបិតា ក៏មានព្រះហ្ឫទ័យអាក់អន់នឹងខ្ញុំ ព្រះរាជាទ្រង់ដេញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសំឡាញ់ទាំងឡាយ អ្នកទាំងឡាយចូរដឹងឱកាសជាទីនៅក្នុងព្រៃ។
[២៨២] (ពួកព្រះរាជាចេតៈ…) បពិត្រមហារាជ ព្រះអង្គទ្រង់យាងមកស្រួលហើយ ព្រះអង្គមិនមែនយាងមកដោយអាក្រក់ទេ ព្រះអង្គជាធំ ទ្រង់សេ្តចមកដល់ហើយ សូមព្រះអង្គមានព្រះបន្ទូលប្រាប់របស់ដែលមានក្នុងទីនេះ។ បពិត្រមហារាជ សូមព្រះអង្គទ្រង់សោយអន្លក់ ក្រអៅឈូក ទឹកឃ្មុំ សាច់ និងបាយនៃអង្ករស្រូវសាលីដ៏សា្អត ដ្បិតព្រះអង្គយាងមកហើយ ទុកជាភ្ញៀវរបស់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ។
[២៨៣] (ព្រះវេស្សន្តរ…) វត្ថុណា ដែលអ្នកទាំងអស់ ធើ្វឲ្យជារបស់មានតម្លៃ បានឲ្យដល់ខ្ញុំ វត្ថុនោះ ខ្ញុំក៏បានទទួលហើយ (តែថា) ព្រះរាជាទ្រង់បណេ្តញខ្ញុំ ខ្ញុំនឹងទៅឯភ្នំវង្កត នែសំឡាញ់ទាំងឡាយ អ្នកទាំងឡាយ ចូរដឹងឱកាសជាទីនៅក្នុងព្រៃ។
[២៨៤] (ពួកព្រះរាជាចេតៈ…) បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គសេ្តចគង់នៅក្នុងដែនឈ្មោះចេតៈនេះសិនចុះ ទំរាំពួកព្រះរាជាចេតៈ នឹងទៅកាន់សំណាក់ព្រះរាជា ដើម្បីទូលអង្វរ។
ID: 637344857870985450
ទៅកាន់ទំព័រ៖