ព្រះត្រៃបិដក ភាគ ៦៣
បពិត្រព្រះអង្គជាម្ចាស់ផែនដី ភារៈដ៏ធ្ងន់របស់អលាតសេនាបតី មិនទាន់ពេញប្រៀបនៅឡើយ អលាតសេនាបតីទៅកាន់ទុគ្គតិ ព្រោះបាបណា គាត់នៅតែសន្សំបាបនោះ។ បពិត្រព្រះអង្គជាម្ចាស់ផែនដី អលាតសេនាបតីបានធ្វើបុណ្យហើយក្នុងកាលមុន បពិត្រព្រះសម្មតិទេព ឯអលាតសេនាបតីនុ៎ះបានសុខ ព្រោះអានិសង្សបុណ្យដែលគាត់ធ្វើហើយ ក្នុងកាលមុននោះឯង។ បុណ្យនោះរបស់គាត់អស់ហើយ បានជាគាត់ត្រេកអរក្នុងអកុសលកម្ម លះបង់នូវផ្លូវត្រង់ ហើយដើរទៅតាមផ្លូវវៀចវិញ។ កាលវត្ថុធ្ងន់ដែលគេដាក់ក្នុងមណ្ឌលនៃជញ្ជីង ជញ្ជីងក៏បះ កាលបើភារៈគេដាក់ចេញហើយ ក្បាលជញ្ជីងក៏ងើបឡើង យ៉ាងណាមិញ។ នរជនកាលសន្សំបុណ្យសូម្បីបន្តិចម្តងៗ ដូចជាទាសៈឈ្មោះវីជកៈ កាលប្រាថ្នាឋានសួគ៌ ត្រេកអរក្នុងកុសលកម្ម មានផលល្អ ក៏យ៉ាងនោះដែរ។ បាបណាដែលវីជកៈនោះបានធ្វើទុកក្នុងកាលមុន ទាសៈឈ្មោះវីជកៈឃើញទុក្ខណា ចំពោះខ្លួនក្នុងថ្ងៃនេះ ព្រោះគាត់បានធ្វើបាបក្នុងជាតិមុន បានជាគាត់ទទួលទុក្ខនោះ។ បាបរបស់គាត់នោះអស់ បានជាគាត់ត្រេកអរក្នុងវិន័យ សូមព្រះអង្គកុំគប់រកអចេលកៈ ឈ្មោះគុណៈជាកស្សបគោត្រ ហើយមកកាន់ផ្លូវខុសឡើយ។
ID: 637344774004666912
ទៅកាន់ទំព័រ៖