ព្រះត្រៃបិដក ភាគ ៦៣
ផ្លូវដើរនេះចុះតែជើងមួយ បុគ្គលដើរទៅត្រង់អាស្រម ដល់ទៅទីនោះហើយ ក៏មិនបានសម្រេក គំលាន និងសេចក្តីអផ្សុកឡើយ។ ជាអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ ព្រមទាំងព្រះរាជបុត្រ និងព្រះរាជទេពី ព្រះអង្គទ្រទ្រង់ភេទបុព្វជិតដ៏ប្រសើរ មានទំពក់ និងវែកសម្រាប់បូជាភ្លើង និងសក់កណ្តាញ់ ទ្រង់ស្បែកខ្លា ផ្ទំផ្ទាល់ផែនដី នមស្ការភ្លើង។
[៣២៤] (អភិសម្ពុទ្ធគាថា) ជូជកជាផៅពង្សនៃព្រហ្ម ឮពាក្យនេះហើយ ក៏ធ្វើប្រទក្សិណឥសី មានចិត្តត្រេកអរ ក៏ដើរចេញទៅសំដៅទៅអាស្រមដែលព្រះបាទវេស្សន្តរគង់នៅ។
ចប់ មហាវនវណ្ណនា។
[៣២៥] (ព្រះវេស្សន្តរ…) ហៃបាជាលី អ្នកចូរក្រោកឈរឡើង (ដំណើរមករបស់ស្មូម) ប្រាកដដូចជាដំណើរមកអំពីមុន ៗ បិតាមើលទៅឃើញដូចជាព្រាហ្មណ៍ សេចក្តីរីករាយក៏មកស្រោចស្រពលើបិតា។
[៣២៦] (ជាលីកុមារ…) បពិត្រព្រះវរបិតា ខ្ញុំរមិលមើលទៅឃើញប្រាកដដូចជាព្រាហ្មណ៍ ដូចជាមានអ្នកដំណើរមក និងជាភ្ញៀវរបស់យើង។
[៣២៧] (ជូជក…) ព្រះអង្គបានសេចក្តីសុខសប្បាយទេឬ ព្រះអង្គមិនមានរោគាពាធទេឬ ព្រះអង្គចិញ្ចឹមជីវិតដោយការស្វែងរក (ស្រួល) ទេឬ មើមឈើ និងផ្លែឈើមានច្រើនឬ។
ID: 637344885198001699
ទៅកាន់ទំព័រ៖