ព្រះត្រៃបិដក ភាគ ៦៣
[៣២៩] (ជូជក…) ផ្លូវទឹក (មានទន្លេ និងស្ទឹងជាដើម) ដ៏ពេញប្រៀបមិនចេះអស់ទៅសព្វកាល យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំមកដើម្បីសូមទានព្រះអង្គ ទូលព្រះបង្គំជាខ្ញុំសូមហើយ សូមប្រទានព្រះរាជបុត្រទាំងពីរ ក៏យ៉ាងនោះដែរ។
[៣៣០] (ព្រះមហាសត្វ…) ម្នាលព្រាហ្មណ៍ យើងឲ្យ យើងមិនរួញរាទេ អ្នកជាម្ចាស់ (នៃពួកបុត្ររបស់យើង) ចូរនាំយកទៅចុះ រាជបុត្រី (ជាមាតានៃបុត្រទាំងពីរនុ៎ះ) បានចេញទៅរកផលានុផលអំពីព្រឹក នាងនឹងត្រឡប់មកអំពីការស្វែងរក ក្នុងវេលាល្ងាច ម្នាលព្រាហ្មណ៍ អ្នកចូរឈប់សម្រាកបានមួយយប់សិន លុះព្រឹកឡើង សឹមទៅចុះ។ ម្នាលព្រាហ្មណ៍ អ្នកឈប់សម្រាកបានមួយយប់ លុះព្រឹកឡើង (សឹមនាំយក) កុមារទាំងពីរនោះ ដែលមាតានោះដុសក្បាលហើយ ប្រដាប់ដោយផ្កាកម្រង ហើយទៅចុះ។ ម្នាលព្រាហ្មណ៍ អ្នកចូរនាំយក (កុមារទាំងពីរនោះ) ដែលពាក់ដោយផ្កាផ្សេង ៗ ស្អិតស្អាងដោយគ្រឿងក្រអូបផ្សេង ៗ សម្បូរដោយមើមឈើ និងផ្លែឈើផ្សេង ៗ ហើយទៅចុះ។
[៣៣១] (ជូជក…) បពិត្រព្រះអង្គប្រសើរក្នុងរថ ទូលព្រះបង្គំមិនគាប់ចិត្តនឹងការនៅទេ គាប់ចិត្តតែនឹងការទៅ ក្រែងអន្តរាយមានដល់ទូលព្រះបង្គំ ឯទូលព្រះបង្គំ នឹងទៅខានពុំបាន។
ID: 637344886236856924
ទៅកាន់ទំព័រ៖