ព្រះត្រៃបិដក ភាគ ៦៣
[៣៣៣] (ជូជក…) បពិត្រព្រះរាជបុត្រ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (ពាក្យ) របស់ទូលព្រះបង្គំ ទូលព្រះបង្គំខ្លាចក្រែងព្រះអយ្យកោដណ្តើមយក (ព្រះរាជកុមារ) ព្រះអយ្យកោនឹងប្រទានទូលព្រះបង្គំ (ដល់ពួកអាមាត្យ) ដើម្បីព្រះរាជទណ្ឌ ឬលក់ពិន័យ ពុំនោះសោត នឹងសំឡាប់ពុំខាន ទូលព្រះបង្គំមុខជានឹងដាច់ចាកទ្រព្យផង ចាកពួកទាសៈផង ត្រូវនាងព្រាហ្មណីតិះដៀលផង។
[៣៣៤] (ព្រះវេស្សន្តរ…) ព្រះមហារាជទ្រង់ឋិតនៅក្នុងធម៌ ញ៉ាំងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់ទតឃើញកុមារទាំងនេះដែលមានសំដីពីរោះ និយាយពាក្យជាទីស្រឡាញ់ ទ្រង់បានបីតិ និងសោមនស្ស នឹងព្រះរាជទានព្រះរាជទ្រព្យជាច្រើនដល់អ្នក។
[៣៣៥] (ជូជក…) ទូលព្រះបង្គំមិនធ្វើតាមព្រះបន្ទូលដែលទ្រង់បង្គាប់នោះទេ ទូលព្រះបង្គំសូមនាំយកទារកទាំងពីរទៅឲ្យបំរើនាងព្រាហ្មណី។
[៣៣៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះរាជកុមារទាំងពីរ គឺជាលី និងកណ្ហាជិនា លុះឮសំដីព្រាហ្មណ៍ឈ្លានពានហើយ ក៏តក់ស្លុត នាំគ្នាស្ទុះរត់ទៅតាមទីនោះៗ។
[៣៣៧] (ព្រះមហាសត្វ…) ហៃបា ជាកូនស្ងួនសំឡាញ់ កូនចូរមកអាយ ចូរបំពេញបារមីរបស់បិតា កូនចូរស្រោចស្រពហ្ឫទ័យរបស់បិតា កូនចូរធ្វើតាមពាក្យរបស់បិតា។
ID: 637344887146860326
ទៅកាន់ទំព័រ៖