ព្រះត្រៃបិដក ភាគ ៦៣
បបូរមាត់ខាងលើវែង មានទឹកមាត់ហៀរ ចេញធ្មេញស្ញេញ (ដូចខ្នាយជ្រូក) ច្រមុះបាក់។ មានពោះធំកំប៉ោង ខ្នងកោង ភ្នែកស្រលៀង ពុកមាត់ ពុកចង្កាក្រហម សក់លឿង ស្បែកជ្រួញជ្រីវ រទុះដោយអាចម៍រុយ។ មានភ្នែកលៀនខ្លោត (ដូចភ្នែកឆ្មា) ចង្កេះ ខ្នង ក វៀច សន្លាក់ឆ្អឹងលាន់ឮប្រស ៗ ធំដំបង ឈ្លានពាន ទុកជាស្លៀកដណ្តប់ស្បែកខ្លា ក៏ដូចជាអមនុស្សគួរស្បើម។ បពិត្រព្រះបិតា (ព្រាហ្មណ៍នេះ) ជាមនុស្ស ឬជាយក្ស ជាអ្នកស៊ីសាច់ និងឈាម ចេញអំពីស្រុកមកកាន់ព្រៃ សូមទ្រព្យ គឺកូននឹងព្រះបិតាទេដឹង។ បពិត្រព្រះបិតា យើងខ្ញុំត្រូវបិសាចកំពុងនាំទៅ ព្រះបិតាទ្រង់ទតឃើញឬទេ ព្រះហ្ឫទ័យរបស់ព្រះបិតា (ធ្ងន់ដូចថ្ម) ឬដូចជាចំណងដែកដ៏មាំ ព្រះអង្គមិនជ្រាបយើងខ្ញុំដែលព្រាហ្មណ៍ជាអ្នកស្វែងរកទ្រព្យ ល្មោភហួសប្រមាណ ចាប់ចងហើយវាយយើងខ្ញុំដូចជាគេវាយគោ។ នាងកណ្ហាជិនា ចូរនៅក្នុងទីនេះចុះ ដ្បិតនាងមិនទាន់ដឹងក្តីនៅឡើយ រមែងកន្ទក់កន្ទញ ដូចជាកូនម្រឹគនៅបៅដោះ ហើយព្រាត់ប្រាសចាកហ្វូង។
ID: 637344888128931109
ទៅកាន់ទំព័រ៖