ព្រះត្រៃបិដក ភាគ ៦៣
[២៩] បពិត្រព្រះរាជា បុគ្គលគប់រកបុគ្គលណាៗ ជាសប្បុរស ឬជាអសប្បុរស មានសីល ឬមិនមានសីល រមែងលុះនូវអំណាចនៃបុគ្គលនោះៗឯង។ បុគ្គលធ្វើបុគ្គលបែបណាឲ្យជាមិត្រផង សេពបុគ្គលបែបណាផង បុគ្គលនោះ រមែងប្រាកដដូចបុគ្គលនោះដែរ ព្រោះថា ការនៅរួមគ្នា រមែងប្រាកដដូច្នោះ។ អាចារ្យដែលកូនសិស្សពាល់ត្រូវហើយ រមែងប្រឡាក់កូនសិស្ស ដែលមិនទាន់ប្រឡាក់ កាលកូនសិស្សពាល់ត្រូវអាចារ្យដទៃ រមែងប្រឡាក់ ដូចព្រួញលាបថ្នាំពិស ប្រឡាក់បំពង់ព្រួញដូច្នោះ អ្នកប្រាជ្ញមិនត្រូវមានសំឡាញ់ដ៏លាមក ព្រោះខ្លាចអំពីការប្រឡាក់។ ជនណាខ្ចប់ត្រីស្អុយដោយស្បូវភ្លាំង ស្បូវភ្លាំងរបស់ជននោះ ទៅជាមានក្លិនស្អុយផ្សាយទៅ យ៉ាងណាមិញ ការសេពគប់នឹងបុគ្គលពាល ក៏យ៉ាងនោះដែរ។ ជនណាខ្ចប់ក្រឹស្នាដោយស្លឹកឈើ ស្លឹកឈើរបស់ជននោះ ទៅជាមានក្លិនក្រអូបផ្សាយទៅ យ៉ាងណាមិញ ការសេពបុគ្គលជាអ្នកប្រាជ្ញ ក៏យ៉ាងនោះដែរ។ ព្រោះហេតុនោះ បណ្ឌិតកាលដឹងច្បាស់នូវភាពនៃខ្លួន ដែលប្រែប្រួលបាន ដូចជាកញ្ចប់នៃស្លឹកឈើ មិនត្រូវសេពអសប្បុរសទេ ត្រូវសេពតែពួកសប្បុរស ព្រោះថា ពួកអសប្បុរសតែងនាំទៅកាន់នរក ពួកសប្បុរស តែងឲ្យដល់សុគតិ។
ID: 637344774354935747
ទៅកាន់ទំព័រ៖