ព្រះត្រៃបិដក ភាគ ៦៣

នែនាង​កណ្ហា​ប្អូន នាង​ចូរ​មក យើង​មុខ​ជា​នឹង​ស្លាប់ យើង​មិន​មាន​សេចក្តី​ត្រូវការ​ដោយ​ជីវិត​ទេ​ ដោយ​យើង​ត្រូវ​ព្រះ​ជនិន្ទ​ប្រទាន​ដល់​ព្រាហ្មណ៍ អ្នក​ស្វែងរក​ទ្រព្យ ជា​មនុស្ស​កំណាច​លើសលន់​ វាយដំ​យើង ដូចជា​គេ​វាយ​ហ្វូងគោ។ នែនាង​កណ្ហា ពួក​រុក្ខ​ជា​តិ​ផ្សេង​ៗនេះ គឺ​ដើម​ព្រីង ឈើទាល​ខ្សាច់​ មាន​មែក​ត្រសុំត្រសាយ យើង​នឹង​បោះបង់​រុក្ខជាតិ​ទាំងនោះ នែនាង​កណ្ហា ពួក​ផល​ជាតិ​ផ្សេង​ ៗ នេះ គឺពោ​ធិ៍​ ខ្នុរ ជ្រៃ ក្រសាំង យើង​នឹង​បោះបង់​ផល​ជាតិ​ទាំងនោះ។ ហៃ​នាង​កណ្ហា នេះ​សួនច្បារ នេះ​ស្ទឹង​មាន​ទឹក​ត្រជាក់ ពីដើម យើង​លេង​ក្នុង​ទី​ណា​ យើង​នឹង​បោះបង់​ទី​ទាំងនោះ ហៃ​នាង​កណ្ហា ពីដើម យើង​ទ្រទ្រង់​ផ្កា​ទាំងឡាយ​ណា​ផ្សេង​ៗ លើ​ភ្នំ​នេះ យើង​នឹង​បោះបង់​ផ្កា​ទាំងនោះ។ ហៃ​នាង​កណ្ហា​ ពីដើម យើង​បរិភោគ​ផ្លែឈើ​ផ្សេង ៗ ទាំងឡាយ​ណា យើង​នឹង​បោះបង់​ផ្លែឈើ​ទាំងនោះ។ ហៃ​នាង​កណ្ហា នេះ​រូប​ដំរី រូប​សេះ​របស់​យើង នេះ​រូប​គោ​របស់​យើង ជា​រូប​ដែល​យើង​ធ្លាប់​លេង យើ​ងនឹង​បោះបង់​រូប​នោះ។
 [៣៤៦​] (អភិ​សម្ពុទ្ធ​គាថា​) កុមារ​ទាំងពីរ​នោះ​ គឺជា​លី និង​កណ្ហាជិនា កាលដែល​ព្រាហ្មណ៍​កំពុង​នាំទៅ ក៏​របូត​ចេញ​ (អំ​ពី​ចំណង​) ហើយ​នាំគ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ទីនោះ​ ក្នុងខណៈនោះ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637344889783101820
ទៅកាន់ទំព័រ៖