ព្រះត្រៃបិដក ភាគ ៦៣

 [៣៤៧​] លំដាប់នោះ​ ជូជក​ព្រាហ្មណ៍​នោះ កាន់​យក​ខ្សែ និង​ឈើច្រត់​វាយ​ដំ​កុមារ​ទាំងពីរ​នោះ ហើយ​នាំទៅ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះបាទ​សិវិ​ (វេស្សន្តរ​)។
 [៣៤៨​] នាង​កណ្ហាជិនា​បាន​ពោល​នឹង​ព្រះបិតា​នោះ​ថា​ បពិត្រ​ព្រះបិតា ព្រាហ្មណ៍​នេះ វាយដំ​ខ្ញុំម្ចាស់​ដោយ​ឈើច្រត់​ដូចជា​ទាសី​ដែល​កើត​ក្នុង​ផ្ទះ។ បពិត្រ​ព្រះបិតា នេះ​មិនមែន​ជា​ព្រាហ្មណ៍​ទេ ដ្បិ​ត​ពួក​ព្រាហ្មណ៍​ ជា​អ្នក​ប្រកបដោយ​ធម៌ បពិត្រ​ព្រះបិតា យក្ស​ក្លែងភេទ​ជា​ព្រាហ្មណ៍ នាំ​យើងខ្ញុំ​យក​ទៅ​ស៊ី​ទេ​ដឹង​ បពិត្រ​ព្រះបិតា យើងខ្ញុំ​ត្រូវ​បិសាច​កំពុង​នាំទៅ ហេតុអ្វី​ក៏​ព្រះអង្គ​ទ្រង់ទត​ព្រងើយ។
 [៣៤៩​] ជើង​ទាំងឡាយ​របស់​យើងខ្ញុំ​នេះ​ ក៏​សែន​លំបាក ផ្លូវ​សោត ក៏​ឆ្ងាយ​ដាច់ស្រយាល លំបាក​នឹង​ដើរទៅ​ណាស់ ព្រះសុរិយា​ក៏​កាន់តែ​ទន់ទាប​ ជិត​អស្តង្គត​ណាស់​ហើយ ព្រាហ្មណ៍​ក៏​នាំ​យើងខ្ញុំ​ទៅ​ប្រញាប់​ប្រញាល់។ យើងខ្ញុំ​សូម​ថ្វាយបង្គំ​នូវ​ពួក​ភូត​ដែល​នៅ​អាស្រ័យ​លើ​ភ្នំ​ និង​ព្រៃ សូម​ថ្វាយបង្គំ​ដោ​យសិ​រសា​នូវ​ពួក​ទេវតា​ដែល​រក្សា​ស្រះ​ និង​ទេវតា​ដែល​នៅ​អាស្រ័យ​ក្នុង​ស្ទឹង​ មាន​កំពង់​ដ៏​ល្អ។ (យើងខ្ញុំ​សូម​ថ្វាយបង្គំ​) នូវ​ពួក​ទេវតា​ដែល​នៅ​អាស្រ័យ​លើ​ស្មៅ​ និង​វល្លិ​ និង​ឈើ​ឱស​ធ និង​ភ្នំ និង​ព្រៃ
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637344890185291690
ទៅកាន់ទំព័រ៖