ព្រះត្រៃបិដក ភាគ ៦៣

សូម​ទេវតា​ទាំងឡាយ ទូល​ព្រះមាតា​នូវ​ភាព​របស់​យើងខ្ញុំ​ជា​អ្នក​មិន​មាន​រោគ​ ដ្បិត​ព្រាហ្មណ៍​នេះ កំពុង​នាំ​យក​យើងខ្ញុំ​ទៅ។ សូម​ពួក​លោក​ដ៏​ចំរើន ទូល​ដល់​ព្រះ​មទ្រី​ជា​ព្រះមាតា​របស់​យើងខ្ញុំ​ថា​ បើ​លោក​ចង់​អញ្ជើញ​មក​តាមយើង​ខ្ញុំ គប្បី​អញ្ជើញ​មក​ឲ្យឆាប់។ ផ្លូវ​នេះ ដើរចុះ​តែ​ជើង​មួយ ត្រង់​ទៅកាន់​អាស្រម ព្រះមាតា​គប្បី​ស្តេច​អញ្ជើញ​មក​តាមផ្លូវ​នោះ​ឯង​ មុខ​ជា​នឹង​ឃើញ​យើងខ្ញុំ​ភ្លាម។ បពិត្រ​ព្រះមាតា​ដ៏​មាន​ជដា​អើយ ទុក្ខ​នោះ​នឹង​មានដល់​លោក​ ដែល​នាំ​មើម​ឈើ និង​ផ្លែឈើ​អំពី​ព្រៃ​មក​ ព្រោះ​ឃើញ​អាស្រម​ស្ងាត់ជ្រងំ។ ព្រះមាតា​បាន​ (មើម​ឈើ និង​ផ្លែឈើ​អំពី​ព្រៃ និង​ចំណី​) ច្រើន​ដោយ​ការស្វែងរក​ហួស​វេលា​ មិន​ជ្រាប​យើងខ្ញុំ​ដែល​ព្រាហ្មណ៍​អ្នក​ស្វែងរក​ទ្រព្យ​កំណាច​លើសលន់ ចង​វាយដំ​យើងខ្ញុំ​ដូចជា​គេ​វាយ​ហ្វូងគោ​ ថ្ងៃនេះ យើងខ្ញុំ​សូម​ចួប​នឹង​ព្រះមាតា ដែល​អញ្ជើញ​មក​អំពី​ការស្វែងរក​ផ្លែឈើ​ក្នុង​វេលា​ល្ងាច។ ព្រះមាតា​គប្បី​ប្រទាន​ផ្លែឈើ​លាយ​ដោយ​ទឹក​ឃ្មុំ​ដល់​ព្រា​ហ្ម​ណ៍ៗ​នេះ​បាន​បរិភោគ​ផ្លែឈើ​នោះ​ឆ្អែត​ហើយ​ មុខ​ជា​មិន​បង្ខំ​នាំ​យើងខ្ញុំ​ទៅ។ កុមារ​ទាំងពីរ មាន​សេចក្តី​ជាប់​ចិ​ត្ត​ក្នុង​ព្រះមាតា ពិលាប​ក្នុង​កាលនោះ​ថា ឱហ្ន៎ បាតជើង​ទាំងឡាយ​របស់​យើង​ពុរ​ពង​អស់ហើយ ព្រាហ្មណ៍​ដឹកនាំ​យើង​ទៅ​ប្រញាប់​ប្រញាល់​ខ្លាំង​ណាស់។

ចប់ ទារក​បព្វៈ។

ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637344890543277096
ទៅកាន់ទំព័រ៖