ព្រះត្រៃបិដក ភាគ ៦៣
[៣៥០] (អភិសម្ពុទ្ធគាថា) ពួកទេវតាបានឮពិលាបនៃកុមារទាំងពីរនោះហើយ បានពោលពាក្យនេះថា អ្នកទាំងឡាយ ចូរធ្វើជាម្រឹគសាហាវបីក្នុងព្រៃ គឺសីហៈ ១ ខ្លាធំ ១ ខ្លាដំបង ១។ កុំឲ្យព្រះរាជបុត្រីមកអំពីការស្វែងរកផ្លែឈើក្នុងវេលារសៀលឡើយ កុំឲ្យពួកម្រឹគក្នុងព្រៃជាដែនរបស់យើងបៀតបៀនឡើយ។ ប្រសិនបើសីហៈក្តី ខ្លាធំក្តី ខ្លាដំបងក្តី បៀតបៀននាងមទ្រី ដែលប្រកបដោយលក្ខណានោះហើយ ជាលិកុមារ និងនាងកណ្ហាជិនា នឹងរស់នៅដូចម្តេចបាន នាងមទ្រីដែលប្រកបដោយលក្ខណា នឹងព្រាត់ប្រាសចាកចំណែកទាំងពីរ គឺភស្ដា និងបុត្រទាំងពីរ។
[៣៥១] (ព្រះនាងមទ្រី…) ជ្រនីកធ្លាក់ចុះ (អំពីដៃ) របស់អញ ភ្នែកស្តាំក៏កម្រើក ទាំងដើមឈើមានផ្លែ ក៏ប្រែជាមិនមានផ្លែ អញវង្វេងទិសទាំងអស់។ កាលដែលអញនោះមកកាន់អាស្រមក្នុងវេលាល្ងាច ក្នុងពេលដែលព្រះអាទិត្យអស្តង្គតហើយ ក៏មានពួកម្រឹគសាហាវមកឈររាំងក្នុងផ្លូវ កាលបើព្រះអាទិត្យទៀបអស្តង្គតហើយ អាស្រមក៏នៅឆ្ងាយណាស់ អញនឹងនាំយកមើមឈើ និងផ្លែឈើណាអំពីទីនេះ ដើម្បីជនទាំងនោះ ជនទាំងនោះ គប្បីនាំគ្នាបរិភោគមើមឈើ និងផ្លែឈើនោះជាភោជន។
ID: 637344890915293332
ទៅកាន់ទំព័រ៖