ព្រះត្រៃបិដក ភាគ ៦៣
ក្សត្រិយ៍នោះ គង់នៅតែមួយអង្គឯង ក្នុងបណ្ណសាលាពិត ម្ល៉េះសមឃើញអាត្មាអញដែលមិនទាន់មកដល់ ក៏ខំលួងលោមទារកទាំងពីរ ដែលមានសេចក្តីស្រេកឃ្លាន។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគនៅបៅទឹកដោះ ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិត នៅអង្គុយ (ចាំមើលផ្លូវ) ដូចកូនម្រឹគបា្រថ្នារកទឹកផឹក ក្នុងវេលាល្ងាច ឬក្នុងវេលាដែលបរិភោគ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិតនាំគ្នាឈរចាំទទួលអញ ដូចជាពួកកូនគោតូច ឈរចាំទទួលមេ។ កូនតូចទាំងនោះរបស់អញ ជាស្រ្តីកំព្រា កំសត់ដោយពិត នាំគ្នាឈរចាំទទួលអញ ដូចជាពួកហង្សឈរនៅលើភក់។ កូនតូចទាំងនោះរបស់អញជាស្រ្តីកំព្រា កំសត់ដោយពិត នាំគ្នាឈរចាំទទួលអញ ក្នុងទីមិនឆ្ងាយអំពីអាស្រម។ ផ្លូវតែមួយ ចុះបានតែជើងនៃបុគ្គលម្នាក់ ក្បែរខាងផ្លូវ មានស្រះ មានជ្រោះ អញមិនឃើញផ្លូវដទៃសម្រាប់ទៅកាន់អាស្រមបានទេ។ បពិត្រម្រឹគទាំងឡាយ ខ្ញុំសូមថ្វាយបង្គំលោកទាំងឡាយ ជាស្តេចមានកំឡាំងច្រើនក្នុងព្រៃធំ សូមលោកជាបងប្អូននឹងគ្នាដោយធម៌ លោកទាំងឡាយ កាលបើខ្ញុំអង្វរហើយ ក៏សូមឲ្យផ្លូវដល់ខ្ញុំ។
ID: 637344891255290493
ទៅកាន់ទំព័រ៖