ព្រះត្រៃបិដក ភាគ ៦៣
[៣០] ខ្ញុំម្ចាស់បានរឭកឃើញនូវភាពនៃខ្លួន ដែលអន្ទោលទៅមកអស់ ៧ ជាតិមក ហើយ និង ៧ ជាតិ (ទៀត) ដែលខ្ញុំម្ចាស់នឹងច្យុតចាកអត្តភាពនេះ ទៅក្នុងអនាគត។ បពិត្រព្រះអង្គជាធំជាងជន ក្នុងកាលមុន ជាតិណារបស់ខ្ញុំម្ចាស់ជាគំរប់ ៧ (ក្នុងជាតិនោះ) ខ្ញុំម្ចាស់បានកើតជាកូនជាងមាសក្នុងរាជគហបូរី ក្នុងដែនមគធៈ។ បាបដ៏ច្រើន ខ្ញុំម្ចាស់បានធ្វើហើយ ព្រោះអាស្រ័យសំឡាញ់ដ៏លាមក ខ្ញុំម្ចាស់ទាំងពីរនាក់ កាលបៀតបៀនប្រពន្ធនៃបុគ្គលដទៃ ប្រព្រឹត្ត (ខ្លួន) ដូចមិនស្លាប់។ អំពើនោះ កប់នៅដូចភ្លើងដែលកប់ក្នុងផេះ បពិត្រមហារាជ តទៅ ខ្ញុំម្ចាស់បានកើតក្នុងវំសភូមិ ក្រុងកោសម្ពី ជាកូនប្រុសតែមួយ មានគេធ្វើសក្ការបូជាជានិច្ចក្នុងត្រកូលសេដ្ឋី ជាត្រកូលស្តុកស្តម្ភ សម្បូរ មានទ្រព្យច្រើន ដោយកម្មដទៃ។ ក្នុងកាលនោះ ខ្ញុំម្ចាស់បានសេពគប់មិត្រសំឡាញ់ អ្នកត្រេកអរក្នុងកុសល ជាបណ្ឌិតអ្នកបរិបូណ៌ដោយការចេះដឹង មិត្រនោះ បានតម្កល់ខ្ញុំម្ចាស់ក្នុងអំពើជាប្រយោជន៍។ ខ្ញុំម្ចាស់បានរក្សាឧបោសថអស់រាត្រីទី ១៤ និងទី ១៥ ដ៏ច្រើន កម្មនោះនៅកប់ដូចកំណប់ក្នុងទឹក។
ID: 637344774719983478
ទៅកាន់ទំព័រ៖