ព្រះត្រៃបិដក ភាគ ៦៣
ទារកទាំងពីរ តែងរមិលមើលផ្លូវអញក្នុងទីឆ្ងាយ ដូចកូនម្រឹគទទួលមេពពែ ឬម្រឹគជាមេ។ ផ្លែព្នៅលឿងខ្ចី ដែលជ្រុះមកនេះឯង ជាល្បែងរបស់ទារកទាំងនោះ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ ស្តនរបស់អញទាំងពីរនេះ ពេញ (ដោយទឹកដោះ) ទាំងទ្រូងសោត ក៏ស្ទើតែនឹងធ្លាយ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ កូនមួយរាវរកផ្លែឈើក្នុងថ្នក់របស់អញ កូនមួយតោងដោះទាំងគូរបស់អញ ថ្ងៃនេះ អញមិនបានឃើញកូនទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។ វេលាថ្ងៃល្ងាច កូនតូចទាំងពីរ ប្រឡាក់ដោយអាចម៍ដី ននៀលលើភ្លៅរបស់អញ អញមិនបានឃើញទារកទាំងនោះ។ កាលពីដើម អាស្រមនេះ ប្រាកដដល់អញ (ដូចជា) កន្លែងមហោស្រព ថ្ងៃនេះ អាស្រមហាក់ដូចវិលដល់អញ ដែលមិនបានឃើញកូនទាំងនោះ។ ហេតុដូចម្តេច បានជាអាស្រមនេះ ហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកក្អែកព្រៃ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ។ ហេតុដូចម្តេច បានជាអាស្រមនេះហាក់ដូចជាស្ងាត់សូន្យឈឹងប្រាកដដល់អញ សូម្បីពួកសត្វហើរ ក៏មិនកញ្រ្ជៀវ ទារកទាំងពីររបស់អញ ប្រាកដជាស្លាប់ហើយ។
ID: 637344892246260167
ទៅកាន់ទំព័រ៖