ព្រះត្រៃបិដក ភាគ ៦៣
នេះជាព្រួញទីពីរ គឺត្រង់ដែលខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ ១ ដែលព្រះអង្គមិនត្រាស់ប្រាប់ខ្ញុំម្ចាស់ ១ នាំឲ្យកំរើកហ្ឫទ័យរបស់ខ្ញុំម្ចាស់។ បពិត្រព្រះរាជបុត្រ បើព្រះអង្គមិនត្រាស់ប្រាប់ដល់ខ្ញុំម្ចាស់ អស់រាត្រីនេះ ក្នុងថ្ងៃនេះទេ ព្រះអង្គមុខជានឹងឃើញខ្ញុំម្ចាស់អស់ជីវិត ស្លាប់ក្នុងពេលព្រឹកមិនខាន។
[៣៥៦] (ព្រះមហាសត្វ…) ក្រែងនាងមទ្រីមានកំពស់ និងទំហំដ៏ប្រសើរ ជារាជបុត្រី មានយសឬ នាងទៅដើម្បីស្វែងរក (ផ្លែឈើតូចធំ) តាំងពីពេលព្រឹក ហេតុដូចម្ដេច បានជាដល់ពេលល្ងាចហើយទើបមក។
[៣៥៧] (ព្រះនាងមទ្រី…) ក្រែងព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងទ្រហឹងអឺងកងនៃសីហៈ និងខ្លា ដែលស្រែកបន្លឺឡើង (ព្រមទាំងម្រឹគដទៃ មានដំរីជាដើម) ដែលមកកាន់ស្រះ (នេះ) ដើម្បីផឹកទឹកដែរឬទេ។ បុព្វនិមិត្តបានកើតឡើងដល់ខ្ញុំម្ចាស់ ដែលដើររង្គាត់ក្នុងព្រៃធំ ជ្រនីក ក៏ធ្លាក់អំពីដៃរបស់ខ្ញុំម្ចាស់ ទាំងកញ្ច្រែងដែលលីលើចង្កួយស្មា ក៏ធ្លាក់អំពីស្មា។ ក្នុងពេលនោះ ខ្ញុំម្ចាស់មានសេចក្តីភិតភ័យក្រៃពេក ក៏ប្រណម្យអញ្ជលី នមស្ការគ្រប់ទិសផ្សេងៗ សូមឲ្យសួស្តីគប្បីមានព្រោះការនមស្ការនេះ។
ID: 637344893114353120
ទៅកាន់ទំព័រ៖