ព្រះត្រៃបិដក ភាគ ៦៣

សូមកុំ​ឲ្យ​សីហៈ និង​ខ្លាដំបង​បៀតបៀន​ព្រះរាជបុត្រ​របស់​យើង​បាន​ មួយទៀត សូមកុំ​ឲ្យ​ខ្លាឃ្មុំ ឆ្កែព្រៃ និង​ខ្លារខិន​ចាប់​ខាំ​ស៊ី​ទារក​ទាំងពីរ​បាន។ ពួក​ពាលម្រឹគ​ទាំង​បី​ក្នុង​ព្រៃ​ គឺ​សីហៈ​មួយ ខ្លាធំ​មួយ ខ្លាដំបង​មួយ រាំងផ្លូវ​ខ្ញុំម្ចាស់ ព្រោះហេតុនោះ បាន​ជា​ខ្ញុំម្ចាស់​មក​ក្នុង​វេលា​ល្ងាច។
 [៣៥៨​] ខ្ញុំម្ចាស់​មាន​សក់កណ្តាញ់ ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ស្រវាស្រទេញ​ (ផ្គត់ផ្គង់​) ប្តី​ផង​ បុត្រ​ទាំងពីរ​ផង អស់​ថ្ងៃ និង​យប់ ដូចជា​មាណព​ (ផ្គត់ផ្គង់​) អាចារ្យ។ ហៃ​បុត្រ​កំសត់​ទាំងពីរ មាតា​ស្លៀកដណ្តប់​ស្បែក​ខ្លា ខំ​ស្វែងរក​មើម​ឈើ និង​ផ្លែឈើ ក្នុង​ព្រៃ​ទាំង​ថ្ងៃ​ ទាំងយប់ ព្រោះតែ​សេចក្តី​ស្រឡាញ់​កូន​ឯង​ទាំងពីរ។ រមៀត​មាន​ពណ៌​ដូចជា​មាស និង​ផ្លែ​ព្នៅ​នេះ​ មាតា​បាន​នាំមក​ដល់ហើយ មាតា​បាន​នាំ​ទាំង​ផ្លែឈើ​ទាំងឡាយ​ (ឯទៀត​ផង​) ហៃ​បុត្រ​កំសត់​ទាំងពីរ​ ផ្លែឈើ​ទាំងនេះ ជា​ល្បែង​របស់​កូន​ឯង​ទាំងពីរ។ មើម​ឈូក ក្រអៅ ឧប្បល ក្រចាប់​នេះ បពិត្រ​ក្សត្រិយ៍​ សូម​ព្រះអង្គ ព្រមទាំង​បុត្រ​ទាំងពីរ​សោយ​ (វត្ថុ​ទាំងនោះ​) ដែល​លាយ​ដោយ​ទឹកឃ្មុំ​ចុះ។ បពិត្រ​ព្រះបាទ​សិវិ សូម​ព្រះអង្គ​ប្រទាន​ផ្កាឈូក​ដល់​ជាលី សូម​ព្រះអង្គ​ប្រទាន​ផ្កា​កុមុទ​ដល់​នាង​កុមារី​ សូម​ទត​ (កុមារ​ទាំងពីរ​) ដែល​ប្រដាប់ដោយ​កម្រងផ្កា​ ហើយ​រាំ សូម​ព្រះអង្គ​ត្រាស់​ហៅ​បុត្រ​ទាំងពីរ​មក។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637344893544057350
ទៅកាន់ទំព័រ៖