ព្រះត្រៃបិដក ភាគ ៦៣
បពិត្រព្រះអង្គ ជាធំក្នុងរថ បណ្តាបុត្រទាំងពីរនោះ បុត្រីឈ្មោះកណ្ហាជិនា រមែងទៅ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ (សំឡេង) របស់វា ដែលពីរោះគួរចាប់ចិត្ត ពាក្យពីរោះ ចូលទៅកាន់អាស្រម។ បពិត្រព្រះបាទសិវិ យើងទាំងពីរនាក់ ត្រូវគេនិរទេសចាកដែនហើយ ជាអ្នករួមសុខរួមទុក្ខជាមួយគ្នា ព្រះអង្គឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនាដែរឬ។ ខ្ញុំម្ចាស់បានជេរប្រទេចពួកស្រមណ៍ និងព្រាហ្មណ៍ក្នុងលោក មានព្រហ្មចរិយធម៌ប្រព្រឹត្តទៅខាងមុខ មានសីល ជាពហុស្សូតដោយពិត បានជាខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងកណ្ហាជិនានោះក្នុងថ្ងៃនេះ។
[៣៥៩] នេះរុក្ខជាតិផ្សេងៗ គឺព្រីង ឈើទាលខ្សាច់ មានមែកត្រសុំត្រសាយ កុមារទាំងនោះ អញមិនបានឃើញ។ នេះជលជាតិផ្សេងៗ គឺពោធិ៍ ខ្នុរ ជ្រៃ ក្រសាំង កុមារទាំងនោះ អញមិនបានឃើញ។ នេះសួនច្បារទាំងឡាយ នេះស្ទឹង មានទឹកត្រជាក់ ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។ ផ្កាឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្កាដែលកុមារទាំងពីរធ្លាប់ទ្រទ្រង់ កុមារទាំងនោះ អញមិនបានឃើញ។ ផ្លែឈើច្រើនយ៉ាង លើភ្នំនេះ ជាផ្លែដែលកុមារទាំងពីរធ្លាប់បរិភោគ កុមារទាំងនោះ អញមិនបានឃើញសោះ។
ID: 637344893877788387
ទៅកាន់ទំព័រ៖