ព្រះត្រៃបិដក ភាគ ៦៣
រូបដំរី រូបសេះទាំងនេះក្តី រូបគោទាំងនេះក្តី ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។
[៣៦០] រូបម្រឹគមានសម្បុរពព្រុស រូបទន្សាយ ; រូបមៀម ; រូបម្រឹគឈ្លូសជាច្រើនទាំងនេះ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។ រូបហង្ស រូបក្រៀល រូបក្ងោកមានស្លាបដ៏វិចិត្រ ជារូបដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។
[៣៦១] គុម្ពឈើទាំងនេះ មានផ្ការីកសព្វកាល ជាផ្កាដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។ ស្រះបោក្ខរណីទាំងនេះ គួរជាទីត្រេកអរ ទ្រហឹងអឺងកងដោយសត្វចាក្រពាក ដេរដាសដោយផ្កាមណ្ឌាលកៈផង ដោយផ្កាឈូក និងផ្កាឧប្បលផង ជាទីដែលកុមារទាំងពីរធ្លាប់លេង កុមារទាំងនោះ អញមិនបានឃើញ។
[៣៦២] ឧសទាំងឡាយ ព្រះអង្គមិនកាច់ ទឹក ព្រះអង្គមិនដង ភ្លើង ព្រះអង្គមិនបង្កាត់ ហេតុអ្វីបានជាព្រះអង្គសញ្ជប់សញ្ជឹង ដូចមនុស្សខ្លៅ។ (ព្រះវេស្សន្តរ) ជាទីស្រឡាញ់ (របស់ខ្ញុំម្ចាស់) សេចក្តីព្រួយ តែងរសាយព្រោះបានជួបជុំដោយព្រះអង្គ ជាទីស្រឡាញ់ ក្នុងថ្ងៃនេះ ខ្ញុំម្ចាស់មិនឃើញបុត្រទាំងពីរ គឺជាលី និងនាងកណ្ហាជិនានោះ។
ID: 637344894334201931
ទៅកាន់ទំព័រ៖