ព្រះត្រៃបិដក ភាគ ៦៣
[៣៦៣] បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ប្រាកដជាស្លាប់ហើយ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញបុត្ររបស់យើងទាំងពីរសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។
[៣៦៤] (អភិសម្ពុទ្ធគាថា) នាងមទ្រីនោះ (បានត្រាច់ទៅ) កាន់ភ្នំ និងព្រៃ ខ្សឹកខ្សួលក្នុងទីនោះ ហើយត្រឡប់មកអាស្រមវិញ ក៏ទ្រង់ព្រះកន្សែងក្នុងសំណាក់ព្រះរាជស្វាមីថា បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកក្អែកព្រៃសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។ បពិត្រព្រះទេវៈ ខ្ញុំម្ចាស់មិនឃើញ (បុត្រទាំងពីរ) របស់យើងសោះ ខ្ញុំម្ចាស់មិនដឹងជា (អ្នកណា) នាំយកបុត្រទាំងនោះទៅ ទាំងពួកសត្វស្លាបសោត ក៏មិនកញ្ជ្រៀវ ទារកទាំងពីររបស់ខ្ញុំម្ចាស់ ប្រាកដជាស្លាប់ហើយ។
ID: 637344894838129594
ទៅកាន់ទំព័រ៖